បបួលគ្នា ៤ នាក់ មកញ៉ាំស៊ុបឡើងឆ្អែតពោះ តែមានលុយមិនគ្រប់ ម្ចាស់ហាងលុតដំឱ្យធ្វើរឿងនេះកាត់លុយ
ថ្មីៗនេះ មានរឿងរ៉ាវរបស់ក្មេងមួយក្រុម ត្រូវបានខាងហាងអាហារមួយលុតដំ ក្រោយនាំគ្នាចូលញ៉ាំហើយមានលុយមិនគ្រប់ បានធ្វើឱ្យមហាជនបញ្ចេញការយល់ឃើញជាច្រើន។
រឿងរ៉ាវមួយនេះ បានកើតឡើងនាខេត្តរ៉ាក់យ៉ង ប្រទេសថៃ ដែលតាមម្ចាស់ហាងបានឱ្យដឹងថា ថ្ងៃមួយមានក្មេងៗមួយក្រុមគ្នា ៤ នាក់ បានចូលមកហាងស៊ុបរបស់ខ្លួន រួចក៏បានកុម្ម៉ង់អាហារទៅបរិភោគ។ ក្រោយពីបរិភោគឆ្អែតរួចហើយ បុគ្គលិកក៏បានមកគិតលុយ ដោយអស់ប្រមាណ ៣០ ដុល្លារ តែក្មេងមានប្រហែលជា ១៥ ដុល្លារតែប៉ុណ្ណោះ ហើយថែមទាំងប្រាប់ម្ចាស់ហាងវិញថា ចាំស្អែកចាំមកសងវិញបានឬទេ។
ម្ចាស់ហាងឮបែបនេះហើយ មិនឱ្យចាំដល់ស្អែកនោះទេ ដោយប្រាប់ទៅក្មេងៗវិញថា ឱ្យជួយបុគ្គលិកសម្អាតហាង ដើម្បីដោះជាមួយនឹងថ្លៃអាហារតែម្តងទៅ។ ចំណែកក្មេងៗក៏ពេញចិត្តនឹងធ្វើ ដោយមិនប្រកែកឡើយ។
ម្ចាស់ហាងបានឱ្យដឹងថា មូលហេតុដែលធ្វើបែបនេះ ព្រោះតែខ្លាចក្មេងៗត្រលប់ទៅផ្ទះវិញ ត្រូវឪពុកម្តាយស្តីបន្ទោសដែលមកជំពាក់លុយបែបនេះ ម្យ៉ាងខ្លួនក៏មិនចង់បានអីពីក្មេងនោះដែរ គ្រាន់តែចង់ប្រៀនប្រដៅថាអ្វីៗមិនបានមកដោយទទេរៗនោះទេ គឺត្រូវប្តូរដោយកម្លាំង។ យ៉ាងណាមិញ មហាជននៅតាមបណ្តាញសង្គមជាច្រើនហាក់ពេញចិត្តចំពោះមេរៀនដែលម្ចាស់ហាងបានឱ្យទៅក្មេងៗ នេះជាការប្រៀនប្រដៅដ៏ល្អ ដែលឱ្យក្មេងចេះយល់ដឹងពីតម្លៃនៃលុយ៕