វៀតណាម ត្រេកអរខ្លាំង ក្រោយទុរេនកំពុងមានទីផ្សារខ្ពស់នៅចិន ហើយឡើងថ្លៃគុណនឹងបី
ទុរេនត្រូវបានគេចាត់ទុកជាកសិផលដ៏ពេញនិយមមួយប្រចាំប្រទេសវៀតណាម ព្រោះតែវាជាផ្លៃឈើមានតម្លៃ ហើយមានទីផ្សារខ្ពស់អាចនាំចេញទៅក្រៅប្រទេសផងដែរ។
នៅដើមឆ្នាំ ២០២៣ នេះទុរេនវៀតណាមហាក់កំពុងមានទីផ្សារខ្លាំង ក្រោយតម្រូវការនៅឯប្រទេសចិនកំពុងកើនឡើង ហើយបច្ចុប្បន្នទុរេនក្នុងមួយគីឡូអាចលក់បានពីចន្លោះ ១៥០ ០០០ ដុង ទៅ ១៩០ ០០០ ដុង (ប្រមាណ ៦.៤០ ដុល្លារ ទៅ ៨.១០ ដុល្លារ) ដែលតម្លៃនេះកើនឡើងស្មើនឹង ៣ ដងនៃការលក់ទុរេនទៅឱ្យចិនកាលពីឆ្នាំមុន។
ទន្ទឹមនឹងការឡើងថ្លៃនៃការលក់ចេញ ទុរេនវៀតណាមក៏តម្រូវឱ្យជាប់ការធ្វើតេស្តនៃស្ដង់ដារនាំចេញផងដែរ ដោយរាប់បញ្ចូលតាំងពីការថែទាំ គុណភាព និងការវេចខ្ចប់ផ្សេងៗ។
ការពីឆ្នាំ ២០២២ កន្លងទៅនេះទីផ្សារទុរេនវៀតណាមនាំចេញទៅក្រៅប្រទេសអាចរកចំណូលបានជាង ៤០០ លានដុល្លារ ដោយក្នុងនោះ ៣០០ លានដុល្លារគឺជាការបញ្ជាទិញពីប្រទេសចិន។ មូលហេតុដែលចិនបានងាកមករកទុរេនវៀតណាមជាង ទុរេនថៃ និងហ្វីលីពីន ព្រោះតែទុរេនវៀតណាមអាចប្រមូលផលបានគ្រប់រដូវកាល ខណៈពេលដែលថៃ និងហ្វីលីពីន អាចប្រមូលផលតែមួយរដូវកាលប៉ុណ្ណោះក្នុងមួយឆ្នាំ។ មិនត្រឹមតែប៉ុណ្ណឹង ការដឹកជញ្ជូនពីវៀតណាម ទៅប្រទេសចិនមានតម្លៃទាបជាងប្រទេសផ្សេងៗ ហើយចំណាយពេលខ្លីជាងដោយត្រឹមតែ ១ ថ្ងៃកន្លះ ដែលធ្វើភាពស្រស់នៃផ្លែទុរេនល្អជាងប្រទេសដទៃ៕