NASA ផ្តើមបេសកកម្មរុករកអាចម៍ផ្កាយមួយ អាចធ្វើឱ្យមនុស្សលើភពផែនដីក្លាយជាមហាសេដ្ឋី
កាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ រដ្ឋបាលអាកាសចរណ៍ និង អវកាសជាតិរបស់សហរដ្ឋអាមេរិក ដែលហៅកាត់ថា NASA បានប្រកាសថានឹងចាប់ផ្តើមបេសកកម្មរុករកអាចម៍ផ្កាយមួយមានឈ្មោះថា Psyche ដែលត្រូវបានគេនិយាយថា មានតម្លៃជាងសេដ្ឋកិច្ចពិភពលោកទៅទៀត។
យោងតាមអង្គការ NASA បេសកកម្មរុករក Psyche នឹងចាប់ផ្តើមនៅថ្ងៃទី ០១ ខែតុលាខាងមុខនេះ ដែលបេសកកម្មនេះគឺជា ដំណើរទៅកាន់អាចម៍ផ្កាយមួយ ដែលសម្បូរទៅដោយលោហធាតុដ៏ពិសេសកំពុងធ្វើដំណើរជុំវិញព្រះអាទិត្យ រវាងភពអង្គារ និង ភពព្រហស្បតិ៍។
បើផ្អែកលើរបាយការណ៍របស់ទស្សនាវដ្ដី Forbes បានឱ្យដឹងថា អាចម៍ផ្កាយ ដែលមានប្រវែង ២២៦ គីឡូម៉ែត្រនេះ អាចផ្ទុកស្នូលដែកនីកែល និង មាសមានតម្លៃដល់ទៅ $ 10,000 quadrillion (១០ ០០០ ០០០ ០០០ ០០០ ០០០ ០០០ ដុល្លារ)។
គួរបញ្ជាក់ដែរថា ការត្រៀមខ្លួនសម្រាប់ការដាក់ឱ្យដំណើរការនៅខែតុលាខាងមុខនេះ គឺជាបេសកកម្មមួយដែលកំពុងស្ថិតក្នុងដំណាក់កាលទី ៤ របស់ពួកគេ។ ជាធម្មតា ក្នុងបេកសកម្មអវកាសមួយមាន ៦ ដំណាក់កាលរាប់ចាប់ពី A ដល់ F ដោយបច្ចុប្បន្ននេះបេសកកម្ម Psyche ស្ថិតនៅក្នុងដំណាក់កាល D ដែលដំណាក់កាលនេះផ្តោតលើការផ្គុំឧបករណ៍ និង យានអវកាស ការធ្វើតេស្ត និង ការបាញ់បង្ហោះ។
តាមការបញ្ជាក់របស់អង្គការ NASA បានឱ្យដឹងទៀតថា ៖ «នៅពេលដែលបាញ់បង្ហោះទៅ វាត្រូវបានប៉ាន់ប្រមាណថានឹងទៅដល់អាចម៍ផ្កាយនៅឆ្នាំ ២០២៩ ដូច្នេះអ្នកគ្រប់គ្នាត្រូវអត់ធ្មត់ ព្រោះថាយើងទាំងអស់គ្នាត្រូវរង់ចាំជាច្រើនឆ្នាំ មុននឹងដឹងថាយើងទាំងអស់គ្នានឹងក្លាយជាមហាសេដ្ឋីមែនឬក៏អត់»៕
ប្រភព៖ World of Buzz