សុំមិត្តធ្វើសង្សារ តែនាងមិនព្រម ខឹងចិត្តដាក់ពាក្យប្ដឹងទារលុយ ៣ លានដុល្លារ
បុរសនៅសិង្ហបុរីម្នាក់ បានធ្វើការដាក់ពាក្យបណ្ដឹងចំនួន ២ ទៅលើស្ត្រីម្នាក់ ពីបទធ្វើឱ្យលោកមានការឈឺចាប់ផ្លូវចិត្ត ក្រោយនាងបដិសេធលោកមិនព្រមធ្វើសង្សារ និង ថែមទាំងនិយាយថា នាងចាត់ទុកលោកត្រឹមជាមិត្តប៉ុណ្ណោះ ក្រោយរាប់អានមើលចិត្តគ្នាអស់មួយរយៈ។
បុរសជាម្ចាស់បណ្ដឹងត្រូវបានស្គាល់ឈ្មោះថា K.Kawshigan ដោយពាក្យបណ្ដឹងដំបូង លោកដាក់ទៅតុលាការកំពូល ទារចំនួន ៣ លានដុល្លារ លើសំណងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់លោក រួមទាំងបណ្ដាលឱ្យលោកកើតមានជំងឺផ្លូវចិត្ត ឈឺចាប់ខ្លាំង។
ដោយឡែកចំពោះពាក្យបណ្ដឹងទី ២ វិញ ដាក់ពាក្យបណ្ដឹងទៅខាងចៅក្រមតុលាការ ទារប្រាក់ចំនួន ២២ ០០០ ដុល្លារ លើសំណងបំពានកិច្ចព្រមព្រៀងលើការវិវដ្តទំនាក់ទំនងរបស់ពួកគេ។ យ៉ាងណាមិញ ពាក្យបណ្ដឹងទី ២ នេះដែរ គឺត្រូវបានមន្ត្រីអត្រានុកូលដ្ឋាន Lewis Tan មិនទទួលយក ដោយលើកឡើងថា អ្វីដែលលោក Kawshigan អះអាង គឺគ្មានមូលដ្ឋានត្រឹមត្រូវ។
តាមការប្រកាសវិនិច្ឆ័យដែលបានចេញនៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៣ កន្លងទៅបានឱ្យដឹងថា លោក Kawshigan បានជួបស្ត្រីជាមិត្ត (ឈ្មោះ Nora Tan Shu Mei) ដំបូងក្នុងឆ្នាំ ២០១៦។ ពួកគេបានរាប់អានគ្នា និង កាន់តែជិតដិតនឹងគ្នាពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែបញ្ហាគឺបានចាប់កើតមានឡើងនៅរង្វង់ខែកញ្ញា ឆ្នាំ ២០២០ នៅពេលដែលពួកគេ ចាប់ផ្ដើមលែងយល់ពីទំនាក់ទំនងពិតប្រាកដរបស់ខ្លួនរៀងខ្លួន។
ស្ត្រីឈ្មោះ Tan គឺមើលឃើញលោក Kawshigan ក្នុងនាមត្រឹមមិត្តភក្តិប៉ុណ្ណោះ ប៉ុន្តែលោក Kawshigan វិញ បែរជាចាត់ទុកនាង គឺជាមិត្តជិតដិតបំផុតរបស់លោក។ តាំងពីពេលនោះមក Tan ក៏ចាប់ផ្ដើមព្យាយាមរក្សាគម្លាតរបស់នាងជាមួយ Kawshigan ហើយរហូតមកដល់ថ្ងៃទី ១៤ ខែឧសភា នាងក៏សម្រេចចិត្តផ្ដាច់ទំនាក់ទំនងទាំងស្រុងជាមួយ Kawshigan។
ស្រាប់តែមកដល់ថ្ងៃទី ០៧ ខែកក្កដា លោក Kawshigan ក៏បានដាក់ពាក្យបណ្ដឹងទៅតុលាការកំពូល ហើយថ្ងៃទី២៧ ខែសីហា លោកក៏បានដាក់ពាក្យបណ្ដឹងមួយទៀតទៅខាងចៅក្រុមតុលាការជុំវិញបញ្ហាដែលបានកើតឡើងខាងលើនេះ។ គួរឱ្យដឹងថា រឿងក្ដីក្តាំទារសំណង ៣ លានដុល្លារនៅតុលាការកំពូល នឹងត្រូវបើកសវនាការមុនការកាត់ក្ដីនៅថ្ងៃទី ០៩ ខែកុម្ភៈខាងមុខនេះ៕