អត្រាកំណើតក្នុងខេត្ត Sichuan ប្រទេសចិនធ្លាក់ចុះពេក ឥលូវគូស្នេហ៍មិនទាន់រៀបការ អាចមានកូនដោយស្របច្បាប់
អាជ្ញាធរផ្នែកសុខាភិបាលប្រចាំខេត្ត Sichuan ប្រទេសចិន នឹងអនុញ្ញាតឱ្យគូស្នេហ៍ដែលមិនទាន់រៀបការ អាចបង្កើតគ្រួសារ និង ទទួលបានអត្តប្រយោជន៍ដែលបម្រុងទុកសម្រាប់នាមជាប្ដីប្រពន្ធស្របច្បាប់នាពេលខាងមុខ។
គួរឱ្យដឹងថា កាលពីមុន រដ្ឋាភិបាលខេត្ត បានកំណត់ឱ្យតែនារីដែលរៀបការរួច អាចផ្ដល់កំណើតឱ្យកូនដោយស្របច្បាប់។ ទោះជាយ៉ាងណា ខណៈអត្រាកំណើតក្នុងប្រទេសហាក់ធ្លាក់ចុះខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ខាងអាជ្ញាធរ ក៏បានកែប្រែច្បាប់ចាស់ ដោយអនុញ្ញាតឱ្យគូសង្សារដែលចង់មានកូន អាចមានបានដោយស្របច្បាប់ដូចអ្នកដែលរៀបការហើយ។
ចាប់ពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៣ ទៅ គូស្នេហ៍ដែលរៀបការរួច ក៏ដូចជាអ្នកដែលមិនទាន់រៀបការ ដែលចង់បានកូន នឹងអាចទៅចុះឈ្មោះស្របច្បាប់ជាមួយរដ្ឋាភិបាលខេត្ត Sichuan ដោយមិនកំណត់ចំនួនកូនឡើយ។
ច្បាប់ថ្មីនេះដែរ គឺកែប្រែឡើងក្នុងបំណង ជំរុញឱ្យកើនចំនួនប្រជាជនជាងមុន។ គួរបញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អត្រាប្រជាជនក្នុងប្រទេសចិន ហាក់ធ្លាក់ចុះខ្លាំងគួរឱ្យកត់សម្គាល់ រហូតធ្វើឱ្យអាជ្ញាធរមានការព្រួយបារម្ភ និង ស្វះស្វែងរកវិធីគ្រប់យ៉ាង ដើម្បីបង្កើនចំនួនប្រជាជនក្នុងប្រទេសឡើងវិញ៕