ដាច់ចិត្តម្ល៉េះ! សុខចិត្តឡើងយន្តហោះទុកកូនចោលនៅព្រលាន ព្រោះមិនចង់ចាយលុយទិញសំបុត្រ
គូស្នេហ៍មួយគូ បានបដិសេធមិនព្រមចំណាយលុយទិញសំបុត្រយន្តហោះឱ្យកូនប្រុសតូចរបស់ពួកគេ ហើយថែមទាំងដាច់ចិត្តទុកកូនចោលនៅកន្លែង Check-in ហើយពួកគេបែររត់ទៅឡើងយន្តហោះគ្មានចិត្តស្រណោះអាណិតកូនបន្តិច។
តាមការចេញផ្សាយពីសារព័ត៌មាន Mako បានឱ្យដឹងថា គូស្នេហ៍ជាឪពុកម្ដាយក្មេងមួយគូនោះ គឺធ្វើដំណើរទៅកាន់ក្រុង Brussels ប្រទេសបែលហ្ស៊ិក។ មុនឡើងយន្តហោះ ពួកគេត្រូវបានបុគ្គលិកនាកន្លែង Check-in ស្នើឱ្យបង់ថ្លៃសំបុត្រយន្តហោះបន្ថែមសម្រាប់កូនតូចរបស់ពួកគេ នាព្រលានយន្តហោះ Ben-Gurion នៃក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។ យ៉ាងណាមិញ គូស្នេហ៍មួយគូនោះ បែរជាបដិសេធ មិនព្រមបង់ថ្លៃទិញសំបុត្រឱ្យកូនឡើយ ថែមទាំងទុកកូនចោលនៅកន្លែង Check-in នោះទៀត។
ថ្លែងប្រាប់សារព័ត៌មាន Mako មន្ត្រីអាកាសចរណ៍បានរៀបរាប់ថា គូស្នេហ៍មួយគូនោះ បានមកដល់ព្រលានយន្តហោះយឺតយ៉ាវ ក្រោយកន្លែង Check-in ត្រូវបានបិទ។ ក្រោយបដិសេធមិនព្រមបង់ថ្លៃសំបុត្រឱ្យកូន ស្របនឹងយឺតជើងហោះហើរផង គូស្នេហ៍មួយគូនោះ ក៏បានទុកកន្ត្រកដាក់កូនចោល ហើយរត់ស្ទុះទៅច្រកបន្ទាប់ ដើម្បីឡើងយន្តហោះ។
ក្រោយជួបហេតុការណ៍ដ៏ហួសចិត្តបែបនេះ ខាងបុគ្គលិកព្រលាន ក៏បានទាក់ទងទៅកាន់ប៉ូលិសភ្លាមៗ ដើម្បីស្វែងរកឪពុកម្ដាយដ៏ចិត្តខ្មៅមួយគូនោះ រួចនាំខ្លួនយកទៅសួរនាំ មុនប្រគល់ក្មេងទៅឱ្យពួកគេវិញ៕