ត្រៀមណាត់ Crush ទៅលេង! ពិធីចុះចាប់ត្រីតាមបែបបុរាណ នឹងធ្វើឡើងនៅខេត្តត្បូងឃ្មុំ នៅថ្ងៃទី ១៨ ខាងមុខ
ពិធីចាប់ត្រី ជាពិធីមួយ ដែលមានអាយុកាលជិត ២០០ ឆ្នាំមកហើយ។ ពិធីបែបប្រពៃណីនេះប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅរដូវទឹកស្រក ក្រោយពីប្រជាជនធ្វើការប្រមូលផលកសិកម្មរួចរាល់។ ហើយបើតាមប្រវត្តិនៃពីធីនេះ គឺធ្វើឡើង ដើម្បីសែនម្ចាស់ទឹកម្ចាស់ដី រយៈពេលបីថ្ងៃ ដោយថ្ងៃទីមួយ និង ថ្ងៃទីពីរ គឺដើរលេងកម្សាន្ត ជួបជុំ និង បង្កើតភាពសប្បាយរីករាយដល់ប្រជាជនក្នុងស្រុកភូមិ មានការរាំច្រៀងមួយយប់ទល់ភ្លឺ និង ថ្ងៃទីបីទើបគេជួបជុំចុះចាប់ត្រីរាប់ចាប់ពីម៉ោង ១០ ដល់ថ្ងៃរសៀលតែម្តង។
មិនតែប៉ុណ្ណោះពិធីចាប់ត្រីនេះគឺ តម្រូវឱ្យប្រជាជន ដែលចូលរួមទាំងអស់ប្រើប្រាស់តែឧបករណ៍បែបបុរាណដូចជា អង្រុត ឈ្នាង ត្រក ក្អុះ តែប៉ុណ្ណោះ ហើយត្រីដែលរកបានគឺយកទៅផ្ទះរៀងៗខ្លួន និង ប្រជាជនខ្លះទៀតបានយកមកដាក់អាំងញុំាជុំគ្នា ដែលបង្កើតបានជាភាពសប្បាយរីករាយ និង ទាក់ទាញអ្នកទេសចរអន្តរជាតិ មកទស្សនាលេងកម្សាន្ត ហើយក៏មានរាំលេងកម្សាន្ត ក្រោយពេលចាប់ត្រីបានហើយ។
ដោយឡែក ឆ្នាំ ២០២៣ នេះពិធីចាប់ត្រីនឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍ទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៩ ព្រឹកតទៅ នៅក្នុងបឹងត្រពាំងក្រម ភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ៕
ប្រភព និង រូបភាពដោយ៖ រដ្ឋបាលខេត្ត ត្បូងឃ្មុំ និង Phanith Um