នៅមិននៅទៅហូបសាច់ត្រីឆ្លាមពណ៌ស ប្រភេទកម្រ ត្រូវផាកពិន័យអស់ជិត ២០ ម៉ឺនដុល្លារ
ម្ចាស់គណនី Douyin មួយឈ្មោះ Tizi ដែលជា vlogger ដ៏ល្បីរបស់ចិន ត្រូវបានផាកពិន័យជាប្រាក់ចំនួន ១៨ ៥០០ ដុល្លារ បន្ទាប់ពីនាងបានបង្ហោះវីដេអូយកត្រីឆ្លាមពណ៌ ស មួយក្បាលមកធ្វើជាម្ហូប។
អាជ្ញាធរនៅក្រុង Nam Sung ក្នុងខេត្ត Sichuan នៃប្រទេស ចិន កាលពីពេលថ្មីៗកន្លងទៅ បានប្រកាសពិន័យជាប្រាក់ចំនួន ១២៥ ០០០ យ័ន (ប្រហែលស្មើនឹងជាង ១៨ ៥០០ ដុល្លារអាមេរិក) ចំពោះនារីម្នាក់ឈ្មោះ Jin ដែលជាម្ចាស់គណនីឈ្មោះ Tizi ដ៏ល្បីល្បាញក្នុងប្រទេសពីបទទិញ និង បរិភោគសាច់សត្វដោយខុសច្បាប់។
ហេតុការណ៍នេះបានកើតឡើងតាំងពីខែ កក្កដា ឆ្នាំ ២០២២ មកម្ល៉េះ បន្ទាប់ពីនាងបានបង្ហោះវីដេអូជុំវិញទិដ្ឋភាពនៃការចម្អិន និង ការបរិភោគត្រីឆ្លាមពណ៌ស ដែលមានប្រវែងជិត ២ ម៉ែត្រ ហើយថែមទាំងបាននិយាយខណៈនាងហែកសាច់ពីត្រីឆ្លាមដ៏ធំនោះទៀតថា ៖ «វាមើលទៅសាហាវ ប៉ុន្តែសាច់របស់វាពិតជាទន់ណាស់»។
ដំបូងឡើយកញ្ញា Jin បានអះអាងថា នាងបានទិញត្រីឆ្លាមពណ៌សដ៏ធំនេះពីហាងមួយក្នុងទីក្រុង Nam Sung ដោយចំណាយចំនួន ៧ ៧០០ យ័ន (ជាង ១ ១០០ ដុល្លារ) ដើម្បីទិញវានៅលើគេហទំព័រលក់ទំនិញអនឡាញ Taobao ប៉ុន្តែនាងមិនដឹងទេថា ការទិញ និង បរិភោគត្រីឆ្លាមពណ៌សនេះ បានបំពានច្បាប់ការពារសត្វព្រៃ ដែលជាច្បាប់របស់ប្រទេសហាមឃាត់ការជួញដូរត្រី និង សត្វព្រៃ។ ហើយក្រៅពីការផាកពិន័យ អាជ្ញាធរចិនក៏បានចាប់ខ្លួនមនុស្សពីរនាក់ ដែលពាក់ព័ន្ធនឹងការចាប់ និង ដឹកជញ្ជូនត្រីឆ្លាមឱ្យ Jin ដែរ។
មិនត្រឹមតែប៉ុណ្ណោះទេ Jin ក៏ទទួលបានការរិះគន់យ៉ាងចាស់ដៃនៅលើបណ្ដាញសង្គម ចំពោះអាកប្បកិរិយាមិនសមរម្យដែលបរិភោគត្រីឆ្លាមធំនោះ ហើយក៏មានអ្នកប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមចិនម្នាក់បានចូលទៅបញ្ចេញមតិថា ៖ «វាអស្ចារ្យណាស់ ដែលឃើញតារាល្បីក្នុងអ៊ីនធឺណិតម្នាក់ អាចបរិភោគសត្វដែលគេការពារនៅចំពោះមុខមនុស្សរាប់លាននាក់» ខណៈដែលអ្នកខ្លះទៀតបានរិះគន់ Jin ថាធ្វើបែបនេះ ដើម្បីទាក់ទាញចំណាប់អារម្មណ៍។
គួរបញ្ជាក់ដែរថា ត្រីឆ្លាមពណ៌ ស ធំនេះត្រូវបានចុះបញ្ជី ដោយសហភាពអន្តរជាតិ សម្រាប់ការអភិរក្សធម្មជាតិថាជាប្រភេទសត្វ ដែលងាយរងគ្រោះ និង ជិតផុតពូជ។ ហើយនៅក្នុងប្រទេសចិន សត្វនេះត្រូវបានចាត់ថ្នាក់ថា ត្រូវការការការពារ នោះបើមានអ្នកចាប់ និង ប្រើប្រាស់ត្រីឆ្លាមនេះខុសច្បាប់ក្នុងប្រទេសចិន អាចត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារពី ៥ ទៅ ១០ ឆ្នាំ៕
ប្រភព៖ Vietnam Post English