ទឹកចិត្តគ្រូពេទ្យ! ស្កាត់ចុះជួយបន្ទាន់ភ្លាមៗមិនរួញរា ក្រោយនារីម្នាក់ឈឺពោះសម្រាលកូននៅតាមផ្លូវ
សកម្មភាពគ្រូពេទ្យ ជួយសម្រាលកូនជូនប្រជាពលរដ្ឋ នៅតាមផ្លូវ ក្នុងភូមិសាស្ត្រខេត្តកោះកុង កំពុងធ្វើឱ្យមហាជនផ្ទុះការស្ញើចសរសើរចំពោះទឹកចិត្ត ព្រមទាំងចែករំលែកបន្តគ្នាព្រោងព្រាតពេញបណ្ដាញសង្គម។
ទាក់ទិនករណីនេះ បើតាមមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានឱ្យដឹងថា កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៣ កន្លងទៅ ក្រុមគ្រូពេទ្យផ្នែកសម្ភព-រោគស្ត្រី នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានធ្វើសកម្មភាពចុះជួយសង្គ្រោះស្ត្រីមានផ្ទៃពោះ ឈឺពោះសម្រាលកូន នៅតាមផ្លូវពេលកំពុងធ្វើដំណើរមកមន្ទីរពេទ្យ ដែលហេតុការណ៍នេះ កើតឡើងនៅភូមិ ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ដោយទទួលបានការជួយសម្រាល និងយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យ ផ្នែកសម្ភព-រោគស្ត្រី នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ទារកក៏បានសម្រាលមកដោយជោគជ័យ នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៣៕
ប្រភព៖ មន្ទីរពេទ្យខេត្តកោះកុង