សប្ដាហ៍មុន ខេត្តព្រះសីហនុ ជាប់ចំណាត់ថ្នាក់លេខ ១ មានអ្នកទៅលេងច្រើនជាងគេ
នៅព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៣ នេះក្រសួងទេសចរណ៍ បានបង្ហាញរបាយការណ៍ថា ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៣ កន្លងទៅ នៅទូទាំងប្រទេសកម្ពុជាបានទទួលបានភ្ញៀវទេសចរសរុប ៦០៦ ១៧៥ នាក់ និង ភ្ញៀវបរទេសចំនួន ៤៩ ៥៩២ នាក់។
ដោយឡែក ក្នុងចំណោមភ្ញៀវទេសចរចំនួន ៦០ ម៉ឺននាក់នោះ មានគោលដៅទេសចរណ៍សំខាន់ៗដូចជា ខេត្តព្រះសីហនុ ទទួលបានចំនួន ១៨៤ ៩២៩ នាក់, ខេត្តកំពត ៦៥ ៧៨៧ នាក់, ខេត្តបាត់ដំបង ៦១ ៧៣៧ នាក់, ខេត្តសៀមរាប ៤៧ ៦៧៦ នាក់, ខេត្តកំពង់ចាម ៤២ ០៤០ នាក់, រាជធានីភ្នំពេញ ៣៩ ០៧២ នាក់, ខេត្តប៉ៃលិន ៣៣ ០៦៥ នាក់ និង ខេត្តកែប ៣២ ៧៤៦ នាក់។
គួរបញ្ជាក់ដែរថា នៅខេត្តសៀមរាប បច្ចុប្បន្នមានជើងហោះហើរចន្លោះពី ១៦ ទៅ ១៩ ជើងក្នុងមួយថ្ងៃ ដែលមានភ្ញៀវចន្លោះពី ១៨០០ ទៅ ១៩០០ នាក់។ រីឯ ភ្ញៀវទិញសំបុត្រចូលទស្សនាអង្គរមានយ៉ាងតិច ២០០០ នាក់ក្នុងមួយថ្ងៃ ខណៈដែលភ្ញៀវប្រចាំថ្ងៃបច្ចុប្បន្ននៅសៀមរាប ច្រើនជាងគេគឺជាភ្ញៀវកូរ៉េដែលមកតាមជើងហោះហើរប្រចាំថ្ងៃរបស់ក្រុមហ៊ុន Sky Angkor Airline៕
ប្រភព៖ ក្រសួងទេសចរណ៍