ត្រៀមណាត់គ្នា! ដើមខែមីនា បុណ្យទន្លេលើកទី ៧ នឹងរៀបចំឡើង ៣ ថ្ងៃជាប់គ្នា នៅខេត្តកំពង់ធំ
កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៣ កន្លងទៅ ក្រសួងទេសចរណ៍បានប្រកាសជូនដំណឹងស្ដីពីការប្រារព្ធធ្វើពិធីបុណ្យទន្លេ លើកទី ៧ ដែលនឹងធ្វើឡើងក្នុងខេត្តកំពង់ធំ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៣ ខាងមុខ។
មិនតែប៉ុណ្ណោះ ក្នុងសេចក្ដីជូនដំណឹងក៏បានបញ្ជាក់ដែរថា បុណ្យទន្លេនឹងធ្វើឡើងក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និង អនាគត (Our River for Now and Next)» ក្នុងគោលបំណងជំរុញលើកតម្លៃ និង ផ្សព្វផ្សាយសក្ដានុពលទេចរណ៍ខេត្តនានានៅតាមដងទន្លេ ជាពិសេសលើកទឹកចិត្តដល់ប្រជាជននៅតាមបណ្ដាខេត្តទាំងនោះឱ្យចូលរួមយ៉ាងសកម្មក្នុងការងារអភិវឌ្ឍន៍ទេសចរណ៍សហគមន៍។
គួរបញ្ជាក់ដែរថា ពិធីបុណ្យទន្លេឆ្នាំនេះនឹងមានសកម្មភាពសំខាន់ៗចំនួន ៣ ដូចជា ការសម្ដែងទស្សនីយភាពសិល្បៈ ការប្រគំតន្រ្តី និង ការបាញ់កាំជ្រួច លើសពីនោះក៏មានមហោស្រពម្ហូបអាហារខ្មែរ និង អន្តរជាតិ ស្រា និង ភេសជ្ជៈ ព្រមទាំងការបង្ហាញពីផលិតផលទេសចរណ៍ និង គម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្តតាមដងទន្លេ ព្រមទាំងការតាំងពិព័រណ៍ផលិតក្នុងស្រុក និង ផលិតផលកសិទេសចរណ៍ ហើយក៏មានសកម្មភាពកីឡា ដែលមានការចូលរួមពីសំណាក់កីឡាករ កីឡាការិនីជាតិ និង អន្តរជាតិ។
ដោយឡែក សម្រាប់ក្រុមហ៊ុនឯកជន ធុរជន និង សិល្បៈករ សិល្បៈការិនី តារាចម្រៀងជាតិ ដែលមានបំណងចូលរួមក្នុងសកម្មភាពនានានៃពិធីបុណ្យទន្លេនេះ អាចទាក់ទងទៅគណៈកម្មការដែលមានភ្ជាប់ជូនក្នុងសេចក្ដីជូនដំណឹងខាងក្រោម៖