អ៊ឹះ! ប៊ិះអស់បុណ្យ ក្រោយញ៉ាំមូកៈថៈប៉ះចំសាច់ត្រាំសារជាតិគីមី Formaldehyde ដែលគេចាក់រក្សាសព
កាលពីថ្មីៗកន្លងទៅនេះ នៅប្រទេសថៃបានផ្ទុះការចាប់អារម្មណ៍ និង តក់ស្លុតចំពោះករណីស្រ្តីជនជាតិថៃម្នាក់កើតមានបញ្ហាដល់សុខភាព និង ស្ទើរតែអស់ជីវិតទៀតផង បន្ទាប់ពីស្រ្តីរូបនោះបានញ៉ាំមូកៈថៈ ក្នុងពេលទៅដើរលេងនៅ Pattaya កាលពីជាង ៦ ខែមុន។
យ៉ាងណាមិញ បើតាមស្ត្រីរងគ្រោះជនជាតិថៃដែលបានញ៉ាំមូកៈថៈ និង ប៊ិះអស់ជីវិតនេះ ក្រោយពីសង្គ្រោះបានទាន់ពេល ស្រ្តីរូបនេះក៏បានចេញមកចែករំលែកបទពិសោធខ្លួនផងដែរ កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ ដោយស្រ្តីរូបនេះបានបញ្ជាក់ថា ឈុតមូកៈថៈដែលនាងបានញ៉ាំនោះ គឺមានសាច់ដែលគេបានប្រើប្រាស់សារជាតិគីមី Formaldehyde ត្រាំក្នុងការថែរក្សាឱ្យបានយូរ។
ស្រ្តីរងគ្រោះខាងលើបានចែករំលែកឱ្យដឹងថា ៖ «អំឡុងពេលខ្ញុំទៅលេង Pattaya កាលពីជាង ៦ ខែមុន ខ្ញុំបានញ៉ាំមូកៈថៈ ដែលជាអាហារខ្ញុំចូលចិត្ត ហើយឧស្សាហ៍ញ៉ាំជារឿយៗ ដោយពេលញ៉ាំហើយភ្លាមៗគឺមិនមានអ្វីកើតឡើងទេ ដើរលេងហើយចូលគេងធម្មតា។ ស្រាប់តែម៉ោងប្រមាណ ៤ ទៀតភ្លឺ មានអារម្មណ៍រមាសមាត់ ដៃ ច្រមុះ ចំណែកឯមុខឡើងក្រហម ហើយមានអារម្មណ៍ថារាងថប់ៗដង្ហើម រហូតត្រូវទៅពេទ្យភ្លាមៗដើម្បីព្យាបាល។ គ្រូពេទ្យបានប្រាប់ថាខ្ញុំមានប្រតិកម្មជាមួយសារធាតុ Formaldehyde ដែលត្រាំក្នុងអាហារ ហើយគ្រូពេទ្យបានឱ្យសម្រាកនៅពេទ្យដើម្បីតាមដានជំងឺ។
ក្រោយមកពេទ្យបានឱ្យថ្នាំញ៉ាំ និង លាប ហើយក៏បានដាស់តឿនឱ្យប្រុងប្រយ័ត្នរឿងញ៉ាំអាហារផងដែរ ហើយពេលនេះខ្ញុំបានធូរស្បើយហើយ ដោយការចែករំលែកនេះគ្រាន់តែជាការរំឭកដើម្បីឱ្យអ្នកទាំងអស់គ្នាប្រុងប្រយ័ត្នបន្ថែមតែប៉ុណ្ណោះ»។
គួររំលឹកឱ្យដឹងដែរថា អំឡុងខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ អាជ្ញាធរថៃក៏បានចុះចាប់សាច់ត្រាំសារធាតុគីមីជាង ២៥ តោន ដែលមានទីតាំងស្ថិតនៅក្នុងខេត្តឈុនបុរី ប្រទេសថៃ ក្រោយទទួលបានការរាយការណ៍មកថា កន្លែងមួយនេះ ជាកន្លែងលក់ដូរ សាច់ និង គ្រឿងក្នុងសត្វគោ និង ជ្រូក ចែកចាយឱ្យខាងហាងលក់មូកៈថៈជាង ៦៦ ទីតាំងក្នុងប្រទេស ដែលបច្ចុប្បន្នស្ថិតក្នុងការតាមដាន និងស្វែងរកបន្ថែមដើម្បីបង្ក្រាបការប្រើប្រាស់សារធាតុគីមីខុសច្បាប់ដែលប៉ះពាល់ដល់សុខភាពនេះ៕