ភ្ញាក់ផ្អើល! រកឃើញម៉ាំមីអាយុ ៤៣០០ ឆ្នាំ ស្រោបមាសសន្លឹក ក្នុងផ្នួរបុរាណជម្រៅ ១៥ ម៉ែត្រ នៅអេហ្ស៊ីប
នាពេលថ្មីៗនេះ អ្នកបុរាណវត្ថុវិទូដ៏ល្បីល្បាញឈ្មោះ Zahi Hawass បានប្រកាសពីការរកឃើញផ្នូរដ៏សំខាន់មួយ ដែលមានសាកសពម៉ាំមីចំណាស់ជាងគេ និង មានសភាពពេញលេញល្អបំផុតមិនធ្លាប់មានពីមុនមកនៅក្នុងទីក្រុង Saqqara នៃប្រទេសអេហ្ស៊ីប។
យោងតាមការប្រកាសនេះ មនុស្សមួយចំនួនបានភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះសាកសពនេះត្រូវបានស្រោបដោយមាស។ បើយោងតាមការវាយតម្លៃដំបូង គេដឹងថាជាសពបុរសម្នាក់ និង មានឈ្មោះ Hekashepes ដែលកប់ក្នុងថ្មកំបោរបិទជិតដោយបាយអ។ មិនតែប៉ុណ្ណោះបុរាណវិទូលោក Hawass ជាប្រធានក្រុមរុករកនោះបាននិយាយថា សាកសពម៉ាំមីនេះត្រូវបានគេរកឃើញនៅបាតនៃផ្លូវរូងក្រោមដីប្រវែងប្រមាណ ១៥ ម៉ែត្រ នៅក្នុងក្រុមផ្នូរនៃរាជវង្សទី ៥ ឬ ទី ៦ ដែលមានអាយុកាលតាំងពីឆ្នាំ ២៥០០ មុនគ្រិស្តសករាជ ដល់ឆ្នាំ ២១០០ មុនគ្រិស្តសករាជ។ លោកបាននិយាយទៀតថា ៖ «សាកសពម៉ាំមីនោះគឺជាសាកសពមួយមិនជាប់ពាក់ព័ន្ធនឹងគ្រួសាររាជវង្ស ប៉ុន្តែត្រូវបានគេចាត់ទុកថាជាសាកសពចាស់បំផុត និង មានសភាពល្អបំផុតក្នុងប្រទេសអេហ្ស៊ីប»។
សាកសពម៉ាំមីនេះត្រូវបានគេរកឃើញនៅក្នុងផ្នូរបុរាណនៅ Saqqara ជាទីបញ្ចុះសពនៃរដ្ឋធានី Memphis ក្នុងប្រទេសអេហ្ស៊ីបបុរាណ និង ត្រូវបានទទួលស្គាល់ថាជាតំបន់បេតិកភណ្ឌពិភពលោកតាំងពីឆ្នាំ ១៩៧០ ខណៈដែលសព្វថ្ងៃនេះ នៅពេលគេជីកយកសាកសពម៉ាំមី អ្នកជំនាញលើកឡើងថា បច្ចេកទេសរក្សាសាកសពមនុស្សសម័យបុរាណបានឈានដល់កម្រិតខ្ពស់មួយ ព្រោះអាចរក្សាសាកសពរាប់ពាន់ឆ្នាំ និង នៅតែរក្សាបាននូវស្ថានភាពល្អ។
គួរបញ្ជាក់ដែរថា នាពេលថ្មីៗនេះប្រទេស អេហ្ស៊ីប នេះបានស្ដារឡើងវិញនូវវិស័យទេសចរណ៍របស់ខ្លួនដោយការផ្សព្វផ្សាយពីវត្ថុ ឬ ទីតាំងបុរាណជាច្រើនរបស់ប្រទេសខ្លួន ព្រោះពីមុនមកប្រទេសនេះជាប្រទេសដែលឈានមុខគេផ្នែកទេសចរណ៍ ប៉ុន្តែត្រូវរងការធ្លាក់ចុះព្រោះសង្រ្គាមឆ្នាំ ២០១១ និង វិបត្តិកូវីដ-១៩៕
ប្រភព៖ Vietnam Post English