រកឯណាបាន! ប្រពន្ធទី ១ និង ប្រពន្ធទី ២ ញញឹមពព្រាយចូលរួមថ្ងៃការប្ដី ជាមួយប្រពន្ធទី ៣
វាមិនមែនជារឿងងាយស្រួលនោះទេ ដែលបុរសម្នាក់អាចរៀបការច្រើនដង ហើយមានប្រពន្ធច្រើន ព្រោះគ្រួសារខ្លះត្រឹមតែប្រពន្ធមួយនាក់ ពីរនាក់ ក៏មានការទាស់សម្ដីប្រចណ្ឌ និងឈ្លោះគ្នាសឹងបែកផ្ទះ ដោយឡែកបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់កំពុងធ្វើឱ្យមហាជនចាប់អារម្មណ៍ ក្រោយរៀបការប្រពន្ធទី ៣ ថែំទាំងទទួលបានការសាទរ និងយល់ព្រមពីប្រពន្ធទី ១ និងទី ២ ទៀត។
តាមរយៈកូនក្រមុំបានបង្ហើបឱ្យដឹងថា៖ «ខ្ញុំ និងកូនកំលោះ បានស្គាល់គ្នាកាលពីឆ្នាំមុន ដោយកូនកំលោះបានស្គាល់ឪពុកខ្ញុំតាមរយៈការប្រកបមុខជំនួញ ហើយនៅពេលឃើញខ្ញុំគាត់ក៏ស្រឡាញ់ ព្រមទាំងនិយាយបែបលេងសើចថា គាត់ចង់បានខ្ញុំជាប្រពន្ធទី ៣ ដោយខ្ញុំឆ្លើយថាស្រេចតែលើឪពុកម្ដាយខ្ញុំ លុះពេលឪពុកម្ដាយយល់ព្រមការលេងសើចរបស់គាត់បានក្លាយជាការពិត ពួកយើងក៏រៀបការ»។
ពិធីមង្គលការនេះប្រព្រឹត្តទៅយ៉ាងរលូនតាមប្រពៃណី ដោយមានការចូលរួមពីសំណាក់ភ្ញៀវ និងសាច់ញាតិជិតឆ្ងាយ ជាពិសេសក៏មានវត្តមានប្រពន្ធទី ១ និងទី ២ ដែលកំពុងពពោះកូន ៦ ខែ ចូលរួមជូនពរ និងអបអរសាទរផងដែរ ដោយពួកនាងមិនមានបញ្ហា ឬជំទាស់ក្នុងការឱ្យស្វាមីរៀបការនោះទេ មានតែទទួលស្វាគមន៍សមាជិកគ្រួសារថ្មីយ៉ាងកក់ក្ដៅ។ បន្ថែមពីនេះ គេបានរកឃើញថាកូនកំលោះប្រពន្ធ ៣ រូបនេះទើបតែមានវ័យ ២១ ឆ្នាំតែប៉ុណ្ណោះ ដោយលោកជាម្ចាស់អាជីវកម្មធ្យូងថ្ម បន្ដពីក្រុមគ្រួសារ ហើយជាអ្នកមានទ្រព្យមួយរូបប្រចាំទីក្រុង Tangerang ខេត្ត Banten ប្រទេសឥណ្ឌូនេស៊ី៕