ដល់ក! ហាងមួយនៅចិន សង្ស័យដួសខ្លាញ់ពីធុងសំរាមមកធ្វើម្ហូបឱ្យភ្ញៀវវិញ ឃើញហើយក្អួតមិនចេញ
ថ្មីៗនេះ មានឃ្លីបវីដេអូមួយនៅប្រទេសចិន កំពុងតែផ្ទុះការចែកចាយ និង រិះគន់ជាខ្លាំងពាសពេញបណ្តាញសង្គម ដោយមានហាងអាហារមួយកន្លែង ទៅដួសខ្លាញ់ចេញពីធុងសំរាមទាំងចានៗ ធ្វើឱ្យមហាជនសង្ស័យថា យកទៅធ្វើម្ហូបឱ្យភ្ញៀវវិញ។
រឿងរ៉ាវមួយនេះ ត្រូវបានគេដឹងថា បានកើតឡើងតាំងពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៣ កន្លងទៅម្ល៉េះ ដោយក្នុងវីដេអូនោះ បានបង្ហាញឱ្យឃើញស្រ្តីពីរនាក់ មើលទៅទំនងជាចុងភៅ ព្រោះមានពាក់អៀម បានដើរចេញមកក្រៅហាង សំដៅទៅកាន់ធុងសំរាម ហើយបានដួសខ្លាញ់ដែលនៅក្នុងនោះ ដែលពោរពេញដោយសំរាមស្អុយរលួយ ទៅដាក់ក្នុងចានដែកឡើងពេញ ទើបលើកយកទៅក្នុងហាងវិញ។
យ៉ាងណាមិញ ក្រោយពីឃ្លីបវីដេអូមួយនេះ ត្រូវបានគេចែកចាយពាសពេញបណ្តាញសង្គម ក៏មានមហាជនជាច្រើនកើតការហួសចិត្ត ខ្ពើមរអើមជាខ្លាំង ម្នាក់ៗទប់ក្អួតសឹងមិនជាប់ឡើយ ព្រមទាំងនាំគ្នារិះគន់ខាងហាងយ៉ាងចាស់ដៃ ដោយគិតថា ខ្លាញ់ទាំងនេះ ប្រាកដជាយកទៅប្រើប្រាស់ធ្វើម្ហូបឱ្យភ្ញៀវវិញជាក់ជាមិនខាន។
ដោយឡែក បន្ទាប់ពីទទួលការរិះគន់យ៉ាងចាស់ដៃ ខាងហាងក៏បានចេញមុខមកអះអាងថា ខ្លាញ់ដែលបានដួសចេញនោះ ខ្លួនមិនបានយកទៅប្រើជាមួយភ្ញៀវវិញនោះទេ តាមពិតទៅយកទៅលក់ត ឱ្យអ្នកដែលគេយកទៅកែច្នៃជាប្រេងម៉ាស៊ូតប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ក៏មានមហាជនមួយចំនួនទៀត នៅតែមិនជឿនោះដែរ ម្នាក់ៗនៅតែគិតថា ខាងហាងប្រាកដជាមានការលាក់បាំងណាមួយជាក់ជាមិនខាន៕