គេច្រឡំដាក់ទឹកជូតឥដ្ឋស្មានថាទឹកក្រូចឱ្យផឹក មានអីផឹកតែបន្តិចត្រូវបញ្ជូនទៅពេទ្យលាងក្រពះអស់ ៧ នាក់
ថ្មីៗនេះប្រទេសចិន មានករណីមនុស្ស ៧ នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីលាងក្រពះភ្លាមៗ បន្ទាប់ពីពួកគេបានច្រឡំផឹកទឹកជូតឥដ្ឋ ដោយសារតែវាស្រដៀងទៅនឹងទឹកក្រូចពេក។ កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៣ កន្លងទៅ ប៉ូលិសនៅទីក្រុង Xucun ខេត្ត Zhejiang ប្រទេសចិន បាននិយាយថា មានមនុស្សចំនួន ៧ នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីលាងពោះវៀន បន្ទាប់ពីអ្នករត់តុម្នាក់នៅឯភោជនីយដ្ឋានមួយបានច្រឡំទឹកជូតឥដ្ឋថាជាទឹកក្រូច ហើយដាក់ឱ្យគេផឹក។
យ៉ាងណាមិញ ជនរងគ្រោះនោះត្រូវបានគេដឹងថា ជាអ្នកល្បីក្នុងបណ្ដាញសង្គម Douyin (TikTok របស់ចិន) ឈ្មោះ Wukong និង សាច់ញាតិចំនួន ៦ នាក់ទៀត បានទៅហូបអាហារនៅឯភោជនីយដ្ឋានមួយ ហើយអ្នករត់តុម្នាក់ដែលជាបុគ្គលិកថ្មីបានទៅយកទឹកក្រូចមកឱ្យ ប៉ុន្តែតាមពិតទៅវាគឺជាទឹកសម្អាតឥដ្ឋការ៉ូទេ ទើបអ្នកទាំងនោះត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយមក Wukong បាននិយាយថា អ្នកដំបូងដែលបានផឹកវាគឺប្ដីរបស់ Wukong ហើយពេលដែលផឹកហើយ ប្ដីរបស់ Wukong បានថាទឹកក្រូចនោះមានរសជាតិល្វីងៗ។ ក្រោយមក ក៏នាំគ្នាសាកម្នាក់បន្តិច ហើយក៏ចាប់ផ្ដើមឈឺពោះ និង Wukong ចាប់ផ្ដើមមានអារម្មណ៍មិនស្រួលក្នុងបំពង់-ក រួចហើយក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់។
ដោយឡែក ខាងភោជនីយដ្ឋានបាននិយាយថា នារីបម្រើនោះគឺជាបុគ្គលិកមកថ្មី ហើយមានភ្នែកមិនសូវល្អ ទើបនាងយកដបទឹកជូតសម្អាតការ៉ូមកឱ្យភ្ញៀវ។ ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសក្នុងតំបន់បានប្រាប់ថា មនុស្សទាំង ៧ នាក់នោះ កំពុងស្ថិតនៅស្ថានភាពធម្មតាទេ ព្រោះរឿងនោះបានកើតឡើងតាំងពីថ្ងៃទី ១៦ ខែមករាមកម្ល៉េះ ហើយពួកគេក៏បានប្ដឹងទាមទារសំណងផងដែរ។
ផ្ទុយទៅវិញ អ្នកលេងបណ្ដាញសង្គមបាននាំគ្នាបញ្ជេញមតិទៅលើការបង្ហោះរបស់ Wukong ថា ដបទឹកសម្អាតឥដ្ឋនោះ គឺដូចទៅនឹងដបទឹកក្រូចពិតមែន ហើយទិញទំនិញអនឡាញនៅក្នុងប្រទេសចិន លក់ឧបករណ៍សម្អាតឥដ្ឋជាច្រើនគឺមានដបដូចទៅនឹងទឹកក្រូចបែបនេះ។ មិនតែប៉ុណ្ណោះ ដបទាំងនេះច្រើនភាគច្រើនប្រើភាសាអង់គ្លេស ឬ ភាសាជប៉ុន ទើបធ្វើឱ្យវាពិបាកសម្រាប់អ្នកមិនចេះភាសា និង ងាយឱ្យគេច្រឡំជាទឹកក្រូច៕
ប្រភព៖ Vietnam Post English