ល្អូនល្អិនជាមួយគ្នាធម្មតា សុខៗមិត្តមកអបអររឿងរៀបការ ទើបដឹងសង្សារលួចទៅការនឹងប្រុសផ្សេងបាត់
កាលពីពេលថ្មីៗនេះ មានរឿងរ៉ាវរបស់បុរសម្នាក់ បានធ្វើឱ្យមានការអាណិតអាសូរជាខ្លាំងពីសំណាក់មហាជន ក្រោយរូបលោកនៅទាក់ទងជាមួយនឹងសង្សារសុខៗ មានមិត្តភក្តិមកអបអររឿងការ ក៏កើតចិត្តឆ្ងល់ខ្លាំង ដល់ពេលដឹងការពិត សង្សាររបស់លោកកំពុងចូលរោងជាមួយនឹងប្រុសផ្សេង ធ្វើឱ្យលោកធ្លាក់ថ្លើមក្តុក។
រឿងរ៉ាវមួយនេះ បានកើតឡើងនៅប្រទេសចិន ដោយបុរសរូបនោះ បានទាក់ទងជាមួយនឹងសង្សាររបស់ខ្លួនមកជាង ១ ឆ្នាំមកហើយ ដោយរស់នៅជាមួយគ្នាដូចប្តីប្រពន្ធ។ ស្រាប់តែថ្ងៃមួយ នាងក៏បានរើចេញទៅនៅខាងក្រៅវិញ តែនៅតែទាក់ទងស្នេហាល្អូកល្អិននឹងគ្នាជាធម្មតា។ ទោះជាយ៉ាងណា មកដល់ថ្ងៃមួយ ក៏មានមិត្តភក្តិបានផ្ញើសារមកអបអរសាទរខាងប្រុសរឿងរៀបការ ដែលជាហេតុធ្វើឱ្យលោកឆ្ងល់ខ្លាំង ព្រោះលោកនៅមិនទាន់បានចូលរោងផង ហេតុអ្វីមានមិត្តមកអបអរបែបនេះ។ តែក្រោយមកទើបដឹងថា កូនកំលោះនោះមិនមែនជារូបលោកនោះឡើយ តាមពិតសង្សារសំណព្វលួចទៅចូលរោងការជាមួយប្រុសផ្សេងស្ងាត់ៗសោះ។
លោកពិតជាឈឺចាប់ចុកឈាមខ្លាំងណាស់ ព្រោះខាងស្រីស្រាប់តែបានផ្តាច់ការទាក់ទងជាមួយលោកសឹងទាំងស្រុង ហើយនាងក៏អះអាងទៀតថា រូបលោកបានធ្វើបាបនាង រហូតដល់នាងទ្រាំមិនបាន ទើបចែកផ្លូវគ្នាបែបនេះ។ យ៉ាងណាមិញ បុរសជាសង្សារក៏បានអះអាងទៅវិញថា រូបលោក មិនដែលធ្វើបាបខាងស្រីម្តងណាឡើយ ដោយកន្លងមកនេះ គឺល្អូកល្អិននឹងគ្នារហូត មិនដែលបែកគ្នាម្តងណានោះទេ ហើយលោកក៏ចង់រៀបការជាមួយនាងដែរ តែមិននឹកស្មានថា នាងហ៊ានលួចចាក់ពីក្រោយខ្នងយ៉ាងមិនគួរឱ្យជឿបែបនេះឡើយ៕