(វីដេអូ) ថ្ងៃចូលឆ្នាំ នាំគ្នាលេងអុចផាវបោះចូលក្នុងលូ មានអីផ្ទុះកក្រើកខ្ទាតទឹកលូខ្ចាយ ផ្អើលអ្នកស្រុក
រឿងរ៉ាវភ្ញាក់ផ្អើលមួយបានកើតឡើងនៅឯប្រទេសចិន ក្រោយក្មេងប្រុស ២ នាក់ បាននាំគ្នាលេងផាវយ៉ាងសប្បាយរីករាយ តែក្រោយមកក៏ភ័យរត់ចែកជើងគ្នាព្រាតបន្ទាប់ពីបោះផាវចូលក្នុងលូ បណ្ដាលឱ្យផ្ទុះផ្អើលអ្នកស្រុក។
យោងតាមសេចក្ដីរាយការណ៍ពីខេត្ត Sichuan ប្រទេសចិន បានឱ្យដឹងថា គេបានថតជាប់សកម្មភាពក្មេងប្រុស ២ រូប កំពុងលេងផាវក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីតាមរយៈកាមេរ៉ាសុវត្ថិភាព ហើយពួកគេបានបោះផាវមួយគ្រាប់ចូលទៅក្នុងលូ បណ្ដាលឱ្យមានអណ្ដាតភ្លើងខៀវឆេះឡើងមក ហើយក៏ធ្វើឱ្យផ្ទុះគម្របលូឡើងទៅលើ បណ្ដាលឱ្យខ្ទាតកាកសំណល់ក្នុងលូប្រឡាក់ឡានដែលចតក្បែរនោះ។
ក្រោយហេតុការណ៍នេះកើតឡើង ក្មេងទាំងពីរបានរត់គេចខ្លួនបាត់មិនឃើញស្រមោលដោយអារម្មណ៍ភិតភ័យ ប៉ុន្ដែមិនមាននរណាម្នាក់រងគ្រោះថ្នាក់ដោយហេតុការណ៍ផ្ទុះនេះទេគ្រាន់តែខូចខាតឡាន និង គម្របលូ។ ម្ចាស់រថយន្ដរងគ្រោះបានពោលថា ៖ «គាត់បានចំណាយលុយជាង ១ ០០០ យ័ន (ប្រមាណ ១៤៧ ដុល្លារ) ដើម្បីធ្វើការថែទាំ និង សម្អាតរថយន្ដដែលរងប៉ះពាល់ពីករណីផ្ទុះនេះ ហើយគាត់ក៏បានទូរស័ព្ទទៅប្ដឹងប៉ូលិសដើម្បីស្វែងរកក្មេងៗទាំងពីរផងដែរ ប៉ុន្ដែរកមិនឃើញ»៕