អ្នកមានប្រភេទឈាមណាដែរ? បង្ហាញអត្តចរិតមនុស្ស តាមប្រភេទឈាមទាំង ៤
តាមពិតប្រភេទឈាមនៅក្នុងខ្លួនអាចប្រាប់បានច្រើនណាស់ពីអត្តចរិតនិស្ស័យរបស់មនុស្សម្នាក់ៗ ដែលរឿងនេះគឺពិតជារឿងសំខាន់ណាស់សម្រាប់ជនជាតិជប៉ុន។ ពួកគេជឿទៅលើរឿងប្រភេទឈាម រហូតដល់មានកន្លែងធ្វើការខ្លះរើសបុគ្គលិកតាមប្រភេទឈាម ហើយក៏មានអ្នកខ្លះរើសគូស្នេហ៍មើលទៅតាមនេះដូចគ្នា។ យ៉ាងណាមិញ អត្តចរិតរបស់មនុស្សមានលក្ខណៈពិសេស ឬ ខុសគ្នាយ៉ាងណាខ្លះ សូមទស្សនាខាងក្រោមនេះ ៖
១. ឈាមប្រភេទ O
មនុស្សដែលមានឈាមប្រភេទ O ជាមនុស្សដែលមានភាពទុកចិត្ត និង ការតាំងចិត្តខ្ពស់។ ជាមនុស្សរឹងមាំ និង មើលលោកក្នុងផ្លូវល្អ ឆាប់ចុះសម្រុងជាមួយអ្នកដទៃ តែក៏ចូលចិត្តប្រើពេលវេលាជាមួយខ្លួនឯងច្រើន ទើបធ្វើឱ្យមិនសូវចាប់អារម្មណ៍ជាមួយអ្នកណាឡើយ។ អ្នកដែលមានមិត្តភក្តិជាមនុស្សឈាមប្រភេទ O នឹងមានអារម្មណ៍ថា ពួកគេជាមនុស្សអាចទុកចិត្តបានជានិច្ច ព្រោះមានការទទួលខុសត្រូវខ្ពស់ ឧស្សាហ៍ព្យាយាមធ្វើការអស់ពីចិត្តពីថ្លើមតែម្តង។
២. ឈាមប្រភេទ A
មនុស្សដែលឈាមប្រភេទ A ជាមនុស្សដែលមិនសូវមាត់-កច្រើនប៉ុន្មានឡើយ មិនចូលចិត្តទៅរញ៉េរញ៉ៃជាមួយនរណា ព្រមទាំងជាមនុស្សមានអារម្មណ៍ជ្រាលជ្រៅ ប៉ុន្តែមិនសូវសម្តែងចេញឱ្យគេដឹងនោះទេ។ ពួកគេជាមនុស្សមានរបៀបរបបល្អ មិនថាធ្វើអ្វីត្រូវតែមានគម្រោងមានផែនការមុនជានិច្ច ហើយបើមិនទៅតាមគម្រោង ក៏នឹងអាចធ្វើឱ្យឆាប់ស្រ្តេសបានដូចគ្នា។ មនុស្សមានឈាមប្រភេទនេះភាគច្រើន ត្រូវអ្នកជុំវិញខ្លួនមើលមកជាមនុស្សចិត្តល្អ ចិត្តមេត្តា ដែលអាចគួរឱ្យទុកចិត្តបាន។
៣. ឈាមប្រភេទ B
មនុស្សដែលមានឈាមប្រភេទ B ជាមនុស្សដែលមានភាពច្នៃប្រឌិតខ្ពស់ ចូលចិត្តរៀនសូត្រ ចង់ដឹងចង់ឮនូវរឿងរ៉ាវផ្សេងៗជាច្រើន។ ពួកគេភាគច្រើនត្រូវបានអ្នកដទៃគិតថាជាមនុស្សចូលចិត្តផ្តោតតែរឿងខ្លួនឯង តែតាមពិតទៅពួកគេជាមនុស្សពូកែយកចិត្តទុកដាក់ជាមួយអ្នកជុំវិញខ្លួនណាស់។ លើសពីនេះទៅទៀត ពួកគេជាមនុស្សមានចិត្តរឹងមាំ មិនងាយធ្វើអ្វីតាមសម្តីអ្នកដទៃឡើយ ចូលចិត្តដើរលើផ្លូវរបស់ខ្លួន ក្រៅពីនេះក៏ជាមនុស្សសម្រេចចិត្តលឿន បើសិនជាចង់ធ្វើអ្វីហើយគឺគ្មានអ្វីងាយនឹងមកបញ្ឈប់បានឡើយ។
៤. ប្រភេទឈាម AB
មនុស្សដែលមានក្រុមឈាម AB គឺជាមនុស្សដែលមានចរិតច្រើនប្រភេទ។ ពួកគេអាចជាមនុស្សមិនសូវមាត់-ក ចូលចិត្តនៅម្នាក់ឯង ហើយក៏អាចជាមនុស្សនិយាយលេងសើចច្រើន ចូលចិត្តចូលសង្គមផងដែរ ហើយក៏មានការចាប់អារម្មណ៍ទៅលើរឿងផ្សេងៗច្រើនដូចគ្នា។ ពួកគេជាមនុស្សចេះថ្លឹងថ្លែងជីវិតរបស់ខ្លួនបានល្អណាស់ ចេះគិតគូរបានល្អិតល្អន់ តែអត្តចរិតក៏ងាយនឹងផ្លាស់ប្តូរទៅតាមអារម្មណ៍ រហូតដល់ថ្នាក់ពេលខ្លះអ្នកដទៃតាមមិនទាន់ឡើយ៕