ផ្សិតក្ងោកដុះតាមធម្មជាតិ មានរសជាតិឆ្ងាញ់ តែមិនសូវមានអ្នកស្គាល់
រដូវវស្សា គឺជារដូវកាលដែលផ្សិតមួយប្រភេទមានឈ្មោះថា ផ្សិតក្ងោក ដុះលូតលាស់ពេញតាមព្រៃនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែមានតែអ្នកនៅតាមតំបន់មួយចំនួនប៉ុណ្ណោះ ដែលបានស្គាល់ ដោយប្រជាជនទូទៅមិនសូវបានបរិភោគនោះឡើយ។
ជារឿយៗ ពេលរដូវភ្លៀងមកដល់ គេតែងឃើញប្រជាសហគមន៍នៅតាមបណ្ដាខេត្តនានា សប្បាយចិត្តនឹងមុខរបរដកផ្សិតក្ងោកនៅតាមព្រៃរបោះ យកមកធ្វើជាអាហារ និង សល់អាចលក់ដូរខ្លះបន្ថែមចំណូលសម្រាប់ជីវភាពគ្រួសារទៀតផង។
បើយើងក្រឡេកទៅមើលនៅឯ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តរតនគីរី និង ខេត្តព្រះវិហារ វិញ ផ្សិតក្ងោក ក៏សម្បូរដុះនៅតាមព្រៃតូច-ធំនានាផងដែរ។ ជាពិសេស ផ្សិតប្រភេទនេះ ពេញនិយមណាស់សម្រាប់ពលរដ្ឋ ដោយពួកគាត់តែងតែចូលព្រៃបេះផ្សិតក្ងោកនេះ ដើម្បីធ្វើម្ហូបអាហារ ព្រមទាំងអាចរកប្រាក់ចំណូលផងដែរ៕