ប្រទះឃើញពងអូទ្រីសបុរាណអាយុកាលជាង ៤ ពាន់ឆ្នាំ នៅវាលខ្សាច់ប្រទេសអ៊ីស្រាអែល
កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៣ កន្លងទៅ ក្រុមអ្នកបុរាណវិទូ បានប្រកាសរកឃើញបំណែកនៃពងសត្វអូទ្រីសបុរាណចំនួន ៨ នៅវាលលំហ Nitzana នៃតំបន់វាលខ្សាច់ Negev ប្រទេសអ៊ីស្រាអែល។
បើតាមការបញ្ជាក់ពីលោកស្រី Lauren Devis ប្រធានខាងរុករកនៃខាងអាជ្ញាធរផ្នែកវត្ថុបុរាណអ៊ីស្រាអែល (IAA) បានឱ្យដឹងថា បំណែកនៃពងសត្វបុរាណទាំងនោះ ត្រូវបានប្រទះឃើញនៅក្បែរកន្លែងបង្កាត់ភ្នក់ភ្លើងក្នុងជំរំដែលធ្វើឡើងដោយពួកពនេចរបុរាណនាសម័យកាលបុរេប្រវត្តិ។ លោកស្រី បានបន្ថែមឱ្យដឹងទៀតថា បំណែកនៃពងអូទ្រីសនេះ គឺអាចមានអាយុកាលចន្លោះពី ៤ ពាន់ទៅ ៧ ៥០០ ឆ្នាំមុន។
ការប្រទះឃើញពងអូទ្រីស នៅក្បែរភ្នក់ភ្លើង អមជាមួយឧបករណ៍ថ្មបុរាណ រួមនឹងគ្រឿងឆ្នាំងដីផងនោះ អាចឱ្យអ្នកបុរាណវិទូប៉ាន់ស្មានបានថា មនុស្សជំនាន់មុន គឺបានយកពងសត្វទាំងនោះ យកមកចម្អិនធ្វើជាម្ហូប។
ខាងអាជ្ញាធរ IAA បានលើកឡើងថា សត្វអូទ្រីសព្រៃបុរាណ គឺរស់នៅលើវាលខ្សាច់ Negev មុនពេលពួកវាដាច់ពូជក្នុងសតវត្សរ៍ទី ១៩ ហើយការរុករកឃើញថ្មីនេះដែរ អាចផ្ដល់ជាដំរួយមួយចំនួននៃដំណើរជីវិតរស់នៅយ៉ាងអាថ៌កំបាំងនៃមនុស្សពនេចរជំនាន់បុរាណក្នុងតំបន់នោះ ដែលកម្រនឹងបន្សល់ដាននៃរបៀបរស់នៅរបស់ពួកគេនោះឡើយ៕