សង្ឃក្លែងក្លាយ ៧ អង្គ គ្រងស្បង់ដើរបិណ្ឌបាត្រតាមផ្ទះ អស់លក្ខត្រូវសមត្ថកិច្ចក្របួចជាប់
ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣ កន្លងទៅនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ពីករណីឃាត់ខ្លួនជនសង្ស័យជាលោកសង្ឃក្លែងក្លាយចំនួន ៧ នាក់ និង អ្នកបើកបររថយន្ត ចំនួន ១ នាក់។
ជនសង្ស័យទាំង ៨ នាក់ខាងលើ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួននៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣ វេលាម៉ោង ១១:៣០ នាទីព្រឹក ស្ថិតនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ។ វត្ថុតាងដកហូតរួមមាន បាតសម្រាប់បិណ្ឌដាក់បាយ ចំនួន ៧ ស្បង់ជីវមួយចំនួន និង សម្ភារមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕