អ្នកចាក់សាំងត្រូវគេ Bully រឿងមុខមាត់ថ្ងៃមុន បាក់ទឹកចិត្តមិនហ៊ានទៅធ្វើការ ឥឡូវមានគ្លីនិកជួយកែមុខហ្វ្រី
ថ្មីៗនេះ មានបុរសអ្នកចាក់សាំងម្នាក់នៅប្រទេសថៃ ត្រូវបានគេរិះគន់បង្អាប់ពេញបណ្តាញសង្គម ដោយសាររូបភាពមុខមាត់ពេលពាក់ម៉ាស់ និង ដោះម៉ាស់ ស្អាតមិនដូចគ្នា។
យ៉ាងណាមិញ តាមព័ត៌មានបានឱ្យដឹងថា ក្រោយពីបានឃើញមតិរិះគន់មកលើខ្លួនច្រើនបែបនេះ បុរសរូបនេះបានកើតការបាក់ទឹកចិត្ត អៀនខ្មាសអតិថិជន មិត្តភក្តិ រហូតដល់មិនចង់មកធ្វើការឡើយ។ ដោយឡែកគ្រួសាររបស់គេ ក៏ដូចជាមហាជនមួយចំនួនក៏បានលើកទឹកចិត្តដល់បុរសរូបនេះផងដែរ ហើយជាពិសេសថ្មីៗនេះក៏មានគ្លីនិកកែសម្ផស្សមួយកន្លែងបានផ្តល់សេវាកម្មកែមុខកែមាត់ឱ្យគេដោយមិនគិតថ្លៃទៀតផង។
ខាងគ្លីនិកបានឱ្យដឹងថា ដំបូងឡើយខ្លួនបានទាក់ទងទៅខាងការ៉ាសសាំងសួរនាំរឿងបុរសរូបនេះ ហើយចុងក្រោយក៏បានសួរថាចង់កែសម្ផស្សឬទេ គេក៏បានឆ្លើយថាខ្លួនពិតជាចង់ ហើយក៏បានធ្វើដំណើរចេញពីខេត្តណងប៊ួរឡាំភូ មកខេត្តនុនថាក់បុរី ដើម្បីធ្វើការពិនិត្យកែកុននេះឯង។
យ៉ាងណាមិញ ក្នុងការមកលើកនេះ ខាងគ្លីនិកបានធ្វើការកែច្រមុះ និង ពិនិត្យមើលសុខភាពស្បែកឱ្យ ហើយបើសិនជារូបគេចង់កែកុនត្រង់ណាថែមទៀតនោះ គ្លីនិកនឹងទទួលផ្តល់សេវាកម្មគ្រប់យ៉ាងដោយមិនគិតថ្លៃ ព្រោះតែចង់ឱ្យគេមានជំនឿចិត្តជាងមុន និង ចូលសង្គមដោយមិនមានការព្រួយបារម្ភរឿងសម្រស់។ ចំណែកមហាជនវិញ ក៏ទន្ទឹងចាំមើលសម្រស់របស់កំលោះរូបនេះផងដែរ តាមពិតទៅ ពេលមិនទាន់កែក៏សង្ហារស្រាប់ទៅហើយ តែបើកែរួចហើយក៏រឹតតែសង្ហារទៀតក៏ថាបាន៕