អរព្រោះបានកាដូកាបូបតម្លៃ ៦០ ដុល្លារពីឪពុក តែបែរជាមានគេរិះគន់រឿងនិយាយថាកាបូបប្រណីត
ថ្មីៗនេះ ផ្ទុះការជជែកវែកញែកពេញប្រព័ន្ធផ្សព្វផ្សាយ Tiktok ក្រោយយុវតីសិង្ហបុរីមួយរូបត្រូវទទួលការសើចចំអក ដែលនាងហៅយីហោកាបូបតម្លៃជាង ៦០ ដុល្លារថាជាកាបូបប្រណីត។
យុវតីអាយុ ១៧ ឆ្នាំ ដែលត្រូវបានគេស្គាល់ឈ្មោះថា Zoe ជាម្ចាស់គណនី Zohtaco បានចែករំលែកវីដេអូរបស់ខ្លួន ដោយទទួលបានកាដូពីឪពុកនាងជាកាបូបយីហោ Charles & Keith ជាមួយសាររៀបរាប់ថា ៖ «My First Luxury Bag ឬ កាបូបប្រណីតដំបូងរបស់ខ្ញុំ»។ វីដេអូរបស់នាងត្រូវបានផ្ទុះការចាប់អារម្មណ៍ ដោយមានអ្នកចូលមើលចំនួនជាង ៦ លាន ៣ សែនដង ហើយមានការចុចបេះដូងចូលចិត្តជាង ៥៤០ ០០០ ដង ដោយក្នុងវីដេអូមួយនោះនាងបានបង្ហាញសកម្មភាព Unboxing កាបូបរបស់នាងដែលមានតម្លៃប្រមាណ ៨០ ដុល្លារសិង្ហបុរី (ប្រមាណ ៦០ ដុល្លារអាមេរិក)។
ទន្ទឹមនឹងការចូលរួមអបអរសារទរដែលទទួលបានកាដូពីឪពុក ក៏មានមនុស្សចំនួនបានចូលវាយប្រហារនាងតាមរយៈការបញ្ចេញមតិ ដោយលើកឡើងថា ៖ «តើគួរប្រាប់នាងដោយរបៀបណា?», «ខ្ញុំដឹងថាអ្នកអាចមកពីគ្រួសារមិនសូវមានប្រាក់ តែការហៅយីហោ C&K ថាជាកាបូបប្រណីតគឺវាហួសហេតុពេក» ជាដើម។
ក្រោយមក Zoe ក៏បានឆ្លើយតបវិញថា ៖ «លុយគឺប្រធានបទមួយដែលខ្ញុំមិនចង់លើកយកមកនិយាយ ព្រោះតែខ្ញុំបានកើតមកនៅកន្លែងដែលមិនសូវមានវា។ ពាក្យសម្ដីរបស់អ្នកបានបង្ហាញឱ្យឃើញថា អ្នកមើលស្រាលអ្នកដទៃកម្រិតណា ព្រោះតែអ្នកមានទ្រព្យសម្បត្តិស្រាប់។ សម្រាប់អ្នកកាបូបតម្លៃ ៨០ ដុល្លារ អាចមិនមែនជារបស់ប្រណីត ប៉ុន្ដែសម្រាប់ខ្ញុំ និង គ្រួសារខ្ញុំវាមានតម្លៃណាស់។ ខ្ញុំសឹងតែមិនជឿថា ខ្ញុំបែរជាទទួលបានការរិះគន់ ព្រោះតែទទួលបានកាបូបដែលខ្ញុំមានអារម្មណ៍រំភើបចង់បានវាទៅវិញ»៕