យុវតីខ្មែរចប់ថ្នាក់បណ្ឌិតពីអូស្ត្រាលី បង្ហាញទង់ជាតិខ្មែរលើឆាកអន្តរជាតិ ចង់សម្រេចក្ដីស្រមៃនេះ
ថ្មីៗនេះមានយុវតីខ្មែរមួយរូប ឈ្មោះ ហេង សុផាណែត មានស្រុកកំណើតនៅទីក្រុងភ្នំពេញ ទើបតែបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអប់រំពិសេស ជាផ្លូវការនៅសាកលវិទ្យាល័យ Flinders ក្នុងប្រទេសអូស្ត្រាលី បានធ្វើមហាជនជាច្រើនសាទរយ៉ាងក្រែលែង។
តាមសម្តី សុផាណែត បានប្រាប់ «ប្រជាប្រិយ» ឱ្យដឹងថា កញ្ញាមានបងប្អូនចំនួន ៣ នាក់ ហើយកញ្ញាជាកូនទី ៣។ សព្វថ្ងៃនេះកញ្ញាជាគ្រូបង្រៀនផ្នែកអប់រំពិសេសនៃមជ្ឈមណ្ឌលអប់រំ (OrbRom) ដែលជាមជ្ឈមណ្ឌលគាំទ្រកុមារដែលមានតម្រូវការពិសេស។
ដោយឡែក សម្រាប់កត្តាដែលជំរុញឱ្យយុវតីរូបស្រស់នេះជ្រើសរើសយកជំនាញផ្នែកអប់រំពិសេស ព្រោះតែកញ្ញាមានទស្សនៈថា សព្វថ្ងៃផ្នែកមួយនេះមិនសូវទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជននោះឡើយ។
សុផាណែត បានប្រាប់បន្ថែមមកកាន់ «ប្រជាប្រិយ» ទៀតថា សម្រាប់ថ្ងៃអនាគត គឺកញ្ញាចង់មានការចូលរួមដោយផ្ទាល់ក្នុងវិស័យអប់រំពិសេស និង ធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល ជាពិសេស ដើម្បីបង្កើតកម្មវិធីរួមសម្រាប់គាំទ្រ ព្រមទាំងលើកស្ទួយបុគ្គលដែលមានពិការភាព ដើម្បីឱ្យប្រជាជនយើងទទួលយកពួកគាត់ដោយគ្មានការរើសអើង និង ផ្តល់ជូននូវសិទ្ធិស្មើគ្នា នៅក្នុងការរស់នៅដែលជាផ្នែកមួយនៃជីវិតសង្គម វប្បធម៌ សេដ្ឋកិច្ច និង នយោបាយ។
លើសពីនេះទៅទៀតនោះ កញ្ញាក៏បានផ្ដល់សារលើកទឹកចិត្តដល់យុវជន ជាពិសេសយុវនារីថា ៖ «ឱ្យជឿជាក់លើខ្លួនឯង និង ដើរតាមក្តីស្រមៃរបស់ខ្លួន! ខ្ញុំជាមនុស្សស្រី ដែលជឿជាក់លើសមត្ថភាពខ្លួនឯង ហើយក៏ជានារីម្នាក់ដែលដើរតាមសុបិនរបស់ខ្ញុំ ហើយខ្ញុំជឿជាក់ថាប្រសិនបើខ្ញុំធ្វើបាន អ្នកទាំងអស់គ្នាក៏អាចធ្វើបានដូចគ្នា»៕
ចុចទីនេះដើម្បីចូលទៅកាន់ គេហទំព័រ OrbRom Facebook Instagram Twitter