កំពុងផ្ទុះកក្រើកនៅថៃ! ផ្អើលនាំគ្នាទៅដាក់កម្ទេចព្រះធាតុព្រះអរហន្តចូលភ្នែក ដើម្បីចម្រើនសិរីមង្គល
ថ្មីៗនេះ មានរឿងរ៉ាវមួយកំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង នៅតាមបណ្តាញសង្គមហ្វេសប៊ុកក្នុងប្រទេសថៃ ដែលមានវិធីចម្រើនមង្គលថ្មីមួយបាន និង កំពុងផ្ទុះ ដោយការយកព្រះធាតុដាក់ចូលក្នុងភ្នែក យ៉ាងមិនគួរឱ្យជឿ។
ក្នុងនោះ មានវីដេអូមួយត្រូវបានបង្ហោះនៅតាមបណ្តាញសង្គមហ្វេសប៊ុក ដោយបង្ហាញឱ្យឃើញពីបុរសម្នាក់កំពុងតែត្រូវព្រះសង្ឃមួយអង្គ យកដុំអ្វីយ៉ាងតូចមួយដែលអះអាងថាជាព្រះធាតុ យកទៅដាក់ចូលក្នុងភ្នែក ព្រមទាំងមាននារីម្នាក់បាននិយាយថា នេះគឺជាព្រះធាតុពិត បើដាក់ចូលក្នុងភ្នែកទៅនឹងមិនធ្វើឱ្យមានការឈឺចាប់ ឬ ប៉ះពាល់ណាមួយឡើយ មានតែធ្វើឱ្យមានសេរីមង្គលនាំលាភនាំជ័យ។
យ៉ាងណាមិញ វីដេអូមួយនេះបានធ្វើឱ្យផ្ទុះការរិះគន់វែកញែកពាសពេញនៅតាមបណ្តាញសង្គម ដែលអ្នកខ្លះមិនជឿឡើយថានេះគឺជាព្រះធាតុពិត ឯអ្នកខ្លះទៀតក៏បានលើកឡើងថា មិនគួរយកភ្នែកទៅប្រថុយជាមួយរបស់បែបនេះនោះទេ។
ដោយឡែក ខាងសារព័ត៌មានរបស់ថៃបានទៅសម្ភាសព្រះសង្ឃរូបនោះដល់វត្តផ្ទាល់ ដែលស្ថិតនៅខេត្តឈុនបុរី ដោយព្រះអង្គបានឱ្យដឹងថា ដោយសារតែមនុស្សសម័យនេះមិនដែលឃើញ មិនដែលស្គាល់ព្រះធាតុពិត ដែលជាឆ្អឹងរបស់ព្រះអរហន្ត ទើបខ្លួនបានសម្រេចធ្វើការពិសោធឱ្យមើល ដោយយកទៅដាក់ចូលក្នុងភ្នែក ហើយបើសិនជាព្រះធាតុពិតនឹងមិនធ្វើឱ្យភ្នែកឈឺផ្សារឡើយ ដែលវីដេអូមួយនោះ គឺបានបញ្ជាក់ឱ្យឃើញរួចរាល់ទៅហើយ។
ម្យ៉ាងខណៈស្រុកទេសកំពុងតែជួបរឿងវឹកវរច្រើន ទើបខ្លួនបានអញ្ជើញបារមី និង នាំព្រះសិរីរឹកធាតុ មកឱ្យប្រជាជនបានក្រាបបូជា ដើម្បីជាសិរីមង្គល ព្រោះឥឡូវនេះគ្មានទីពឹងណាល្អជាងព្រះរតនត្រ័យនោះទេ។ យ៉ាងណាមិញ មហាជនមួយចំនួននៅតែមិនជឿ ក៏ដូចជាមិនពេញចិត្តដដែល ដោយភាគច្រើនគឺគ្មានអ្នកណាគាំទ្រឱ្យធ្វើបែបនេះឡើយ តែក៏នៅតែមានមនុស្សមួយចំនួនតូចពេញចិត្តផងដែរ៕
ប្រភព៖ Amarintv