អស្ចារ្យមែន! កីឡាករខ្មែរ ធឿន ធារ៉ា ហក់ឡើងមកឈរលំដាប់លេខ ១ ពានរង្វាន់ប្រដាល់ពិភពលោក
ជារឿងដ៏គួរឱ្យស្ញើចសរសើរ និង ស្ញប់ស្ញែងបំផុត នូវសមត្ថភាពដ៏ប៉ិនប្រសប់របស់កីឡាករប្រដាល់គុនខ្មែរ ធឿន ធារ៉ា ដែលបច្ចុប្បន្នឈ្មោះរបស់លោកហក់ឡើងមកឈរលំដាប់លេខ ១ ពានរង្វាន់ពិភពលោក កម្រិត Middleweight 72.575 kg តាមរយៈវែបសាយ World MuayThai Organization។
ជាមួយដណឹងដ៏ល្អនេះ គេក៏សង្កេតឃើញអ្នកប្រដាល់គុនខ្មែរ ធឿន ធារ៉ា ដែលទើបតែឈ្នះពានរង្វាន់ស្ដេចថៃថ្មី ក្រោយផ្ដួល សៃយុគ បានបង្ហោះនូវសមិទ្ធផលខាងលើ ព្រមទាំងរៀបរាប់ដោយក្ដីរំភើបដែរថា ៖ «ពេលនេះគេទទួលស្គាល់កូនខ្មែរយើង ជាប់លំដាប់ថ្នាក់លេខមួយ»។
ទន្ទឹមទៅនឹងដំណឹងនេះ លោកគ្រូ សន អេលីត ប្រធានក្លិបប្រដាល់គុនខ្មែរ នាយកដ្ឋានអង្គរក្ស បានចូលរួមអបអរសាទរទៅដល់កីឡាករ ធឿន ធារ៉ា ព្រមទាំងបញ្ជាក់បែបនេះថា ៖ «ពេលនេះគេទទួលស្គាល់ប្អូនហើយ ឈរលំដាប់លេខ ១ ហើយប្អូនក៏ត្រូវទទួលស្គាល់ថាខ្លួនឯងជាកីឡាករមួយដែលតំណាងឱ្យកម្ពុជាដែរ។ សូមប្អូនគួរបន្ថែមការហ្វឹកហាត់ឱ្យបានច្រើនទៀត ហើយកុំទទួលការប្រកួតញឹកញាប់ពេក គួរសុំតម្លៃខ្លួនប្អូនឱ្យបានលើ 1000$ ចាំទទួលការប្រកួត ប៉ុន្តែសម្រាប់កម្មវិធីគុនខ្មែរអលស្តារ បងនឹងជូនតម្លៃខ្លួនប្អូនចាប់ពី 1500$ ដល់2000$ ដើម្បីលើកតម្កើងកីឡាករជាតិ»៕
ប្រភព ៖ WMO