ព្រឹកនេះ! ស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះ បើកការដ្ឋានសាងសង់ហើយ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន
នៅព្រឹកថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គប្រវែង ១៧៦១ ម៉ែត្រ ពីស្រុកចិត្របុរី ទៅស្រុកព្រែកប្រសព្វ ក្នុងខេត្តក្រចេះ និង ផ្លូវតភ្ជាប់ប្រវែងសរុប ៣១,៦៩ គីឡូម៉ែត្រ។
គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ ខេត្តក្រចេះ និង ផ្លូវតភ្ជាប់នេះមានប្រវែងសរុបប្រមាណ ៣៣,៤៥ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ ៦០B ដែលនឹងត្រូវសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គប្រវែង ១៧៦១ ម៉ែត្រ ដែលត្រើយខាងកើតស្ថិតត្រង់ឃុំបុសលាវ ស្រុកចិត្របុរី និង ត្រើយខាងលិចត្រង់ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និង មានផ្លូវតភ្ជាប់ទៅក្រុងក្រចេះមានប្រវែងប្រមាណ ៣១,៦៩ គីឡូម៉ែត្រ។
បើតាមការឱ្យដឹងពី ក្រសួងសាធារណការ និង ដឹកជញ្ជូន គម្រោងនេះនឹងអនុវត្តការសាងសង់ដោយក្រុមហ៊ុនសំណង់ សៀងហៃ ដែលគ្រោងនឹងចំណាយពេលវេលាប្រមាណ ៤២ ខែ ដើម្បីបញ្ចប់ការសាងសង់ឱ្យរួចរាល់។
យ៉ាងណាមិញ ស្ពានឆ្លងទន្លេមេគង្គ និង ផ្លូវតភ្ជាប់នេះ ជាផ្នែកមួយនៃផ្លូវជាតិលេខ ៦០B តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ព្រមទាំងដើរតួជាប្រព័ន្ធដឹកជញ្ជូនដ៏សំខាន់រវាងផ្លូវជាតិលេខ ៦ លេខ ៧ លេខ ៧១ និង លេខ ៧៣ ដែលបន្ទាប់ពីសាងសង់រួចនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និង សេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ឬ កសិផលគ្រប់ប្រភេទបានកាន់តែលឿនទៅកាន់ទីផ្សារ៕
ប្រភព ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន