មានអ្នកកាន់ដៃនៅ? យប់ថ្ងៃឆ្លងឆ្នាំ នឹងមានបាតុភូតភពទាំង ៧ តម្រៀបគ្នា អាចមើលឃើញដោយភ្នែកទទេ
នៅយប់ឆ្លងឆ្នាំ ២០២២ ចូលឆ្នាំសកល ២០២៣ ពោលគឺនៅយប់ថ្ងៃទី ៣១ ខែ ធ្នូ ខាងមុខនេះ នឹងមានបាតុភូតដ៏កម្រមួយត្រៀមបង្ហាញខ្លួន ដោយភពទាំង ៧ នៃប្រព័ន្ធព្រះអាទិត្យនឹងមកតម្រៀបគ្នាជាជួរនៅលើផ្ទៃមេឃ។
ភពទាំង ៧ ដែលនឹងបង្ហាញខ្លួនតាមគន្លងព្រះអាទិត្យនេះ មាន ៥ ដួង ដែលនឹងអាចសង្កេតមើលបានដោយភ្នែកទទេគ្រប់ទីកន្លែង នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ ចាប់ពីពេលព្រះអាទិត្យលេចបាត់ទៅ មានដូចជា ភពពុធ ភពសុក្រ ភពអង្គារ ភពព្រហស្បត្តិ៍ និង ភពសៅរ៍ ចំណែកភពអ៊ុយរ៉ានុស និង ភពណិបទូន អាចមើលឃើញបានតាមតែរយៈកែវយឹតតេឡេស្កូបខា្នតធំប៉ុណ្ណោះ។
យ៉ាងណាមិញភពទាំង ៧ បានមកតម្រៀបគ្នាបែបនេះ ដោយសារតែពួកវាបានធ្វើដំណើរគោចរមកនៅទីតាំងមួយ នៅវេលាជាមួយគ្នា ដែលបាតុភូតមួយនេះពិតជាកម្រខ្លាំងណាស់ ជាពិសេសមកជួបបណ្តាក់គ្នារហូតដល់ទាំង ៧ ដួងបែបនេះទៀត គឺពិតជាមិនងាយកើតឡើងនោះទេ។ យ៉ាងណាមិញ សូមរង់ចាំសង្កេតទស្សនាបាតុភូតដ៏ស្រស់ស្អាតមួយនេះទាំងអស់គ្នា ជាពិសេសអ្នកចូលចិត្តមេឃចូលចិត្តផ្កាយ នេះគឺអាចចាត់ទុកជាចំណីភ្នែកមួយគួរឱ្យចងចាំខណៈជិតដាច់ឆ្នាំនេះផងដែរ៕