(វីដេអូ) មកដល់ព្រឹកថ្ងៃទី ២៩ ធ្នូ នេះ ភ្លើងឆេះកាស៊ីណូហ្គ្រេន មិនទាន់រលត់ទាំងស្រុងទេ
កាលពីយប់ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២២ មានអគ្គិភ័យដ៏សន្ធោសន្ធៅឆាបឆេះនៅកាស៊ីណូហ្គ្រេន នៅច្រកអន្តរជាតិប៉ោយប៉ែត ធ្វើឱ្យផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
តាមរយៈការបង្ហោះឱ្យដឹងពីផេក ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានបង្ហោះឱ្យដឹងថា អគ្គិភ័យបានឆាបឆេះ កាស៊ីណូហ្គ្រេនដាយមិន (Grand Diamond City) នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង ១២:០០ នាទី យប់ ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២២។
ក្រោយពីប្រតិបត្តិការណ៍ពន្លត់អស់រយៈពេលជាច្រើនម៉ោង មកទល់ព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២ វេលម៉ោង ៧ ព្រឹក អគ្គិភ័យនៅមិនទាន់រលត់ទាំងស្រុងនៅឡើយទេ ដោយសមត្ថកិច្ចកំពុងបន្តខិតខំប្រឹងប្រែងជួយពន្លត់ និង ជួយសង្គ្រោះមនុស្សយ៉ាងខ្នះដៃខ្នះជើង។ នេះបើតាមការបន្ថែមពីផេកស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ។
ដោយឡែកបើក្រឡេកមកមើលទិដ្ឋភាពនៅព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២ នេះ តាមការបង្ហោះរូបភាពជាច្រើនសន្លឹក នៃអគារកាស៊ីណូហ្គ្រេន ប៉ោយប៉ែត ឆាបឆេះខ្ទេចខ្ទីស្ទើរទាំងស្រុងនោះ បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បង្ហាញអារម្មណ៍រន្ធត់ចិត្តជាខ្លាំង៕
ខាងក្រោមនេះជាទិដ្ឋភាពនៅព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២ ៖
រូបភាព៖ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ