ស្ដ្រេសរឿងរៀនពេក ក្មេងសិស្សវិទ្យាល័យពីរនាក់ ដាច់ចិត្តលាពិភពលោកជាមួយគ្នា ទាំងគ្មានស្រណោះ
កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ មានព័ត៌មានទាក់ទងនឹងកូនសិស្សជនជាតិកូរ៉េខាងត្បូងពីរនាក់ ត្រូវបានចែកចាយពាសពេញបណ្ដាញសង្គម ប្រកបដោយក្តីអាណិតសោកស្តាយជាពន់ពេក ដែលពួកគេបានដាច់ចិត្តផ្តាច់ជីវិតខ្លួនឯង ក្រោយរងសម្ពាធរឿងរៀនសូត្រខ្លាំងពេក។
តាមព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២២ វេលាម៉ោងមួយថ្ងៃត្រង់ ម៉ោងក្នុងស្រុករបស់កូរ៉េខាងត្បូង គេបានប្រទះឃើញក្មេងសិស្សវិទ្យាល័យពីរនាក់ នៅលើដំបូលអគារមួយកន្លែង នាក្រុង Incheon។ តាមរបាយការណ៍បានបញ្ជាក់ថា ពួកគេបានសន្លប់បាត់ស្មារតីទាំងពីរនាក់ ព្រមទាំងបានបន្សល់ទុកនូវកាបូប ទូរសព្ទ ព្រមទាំងសំបុត្រផ្តាំផ្ញើថា ពួកគេបានសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួន ដោយសារតែរងសម្ពាធរឿងរៀនសូត្រ។
សិស្សទាំងពីរនាក់ ត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះភ្លាមៗផងដែរ តែគួរឱ្យសោកស្តាយ ជីវិតរបស់ពួកគេមិនអាចស្រោចស្រង់បានឡើយ ពោលគឺស្លាប់ទាំងពីរនាក់តែម្តង។ យ៉ាងណាមិញ ខាងប៉ូលិសក៏បានបញ្ជាក់ទៀតដែរថា សិស្សទាំងពីរមិនបាននិយាយរឿងគ្រួសារ ឬ ក៏មិត្តភក្តិនៅក្នុងសំបុត្រនោះឡើយ គឺមានតែរៀបរាប់ពីការពិបាកចិត្តក្នុងការរៀនប៉ុណ្ណោះ។ បច្ចុប្បន្ន ករណីមួយនេះ ក៏នឹងត្រូវបានគេកំពុងតែបន្ដការស៊ើបអង្កេតផងដែរ៕