ដំណឹងល្អ! អ្នកចង់ទៅចិន មិនបាច់ធ្វើចត្តាឡីស័កទៀតទេចាប់ពីដើមខែមករា ឆ្នាំ ២០២៣
អាជ្ញាធរសុខាភិបាលចិន បានប្រកាសនៅពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២ នេះថា ប្រទេសចិននឹងលុបចោលវិធានការដាក់ឱ្យនៅដាច់ពីគេ សម្រាប់អ្នកដំណើរចាប់ពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៣ តទៅ ក្រោយពីមានការរឹតបន្តឹងអស់រយៈពេលជិតបីឆ្នាំ។
ស្របគ្នានេះដែរ គណៈកម្មការសុខភាពជាតិ (NHC) បានប្រកាសពីវិធានការទប់ស្កាត់ COVID-19 តាមអ៊ីនធឺណិតថា អ្នកធ្វើដំណើរនឹងត្រូវធ្វើតេស្ត Polymerase (PCR) ដែលចំណាយពេល ៤៨ ម៉ោងមុនពេលហោះហើរចូលប្រទេសចិន ហើយនេះ គឺជា វិធានការចុងក្រោយបំផុតរបស់ទីក្រុងប៉េកាំង ដើម្បីបន្ធូរបន្ថយគោលនយោបាយ សូន្យ – កូវីដ របស់ប្រទេសខ្លួន។
បន្ថែមពីនោះ គណៈកម្មការសុខភាពជាតិក៏បាននិយាយទៀតថា «យោងទៅតាមច្បាប់ស្តីពីការដាក់នៅដាច់ពីគ្នារបស់គណៈកម្មការសុខភាពជាតិ វិធានការដាក់ឱ្យនៅដាច់ពីគេ នឹងមិនត្រូវបានប្រើចំពោះអ្នកដំណើរ ឬ ទំនិញ ដែលនាំចូលមកប្រទេសទៀតទេ»។ មួយវិញទៀត ចំពោះសេចក្តីជូនដំណឹងនោះ ក៏បានលើកឡើងថា «អ្នកដំណើរត្រូវតែធ្វើតេស្ត PCR ក្នុងរយៈពេល ៤៨ ម៉ោងមុនពេលទៅដល់ប្រទេសចិន ដោយបន្ថែមថាការរឹតបន្តឹងកំណត់ចំនួនជើងហោះហើរអន្តរជាតិ ក៏នឹងត្រូវបានលុបចោលផងដែរ»។
គួរបញ្ជាក់ដែរថា ចាប់តាំងពីខែមីនាឆ្នាំ ២០២០ អ្នកដំណើរទាំងអស់ដែលមកដល់ប្រទេសចិន ត្រូវឆ្លងកាត់ការដាក់ឱ្យនៅដាច់ពីគេយ៉ាងតិចពីរសប្តាហ៍ ហើយក្រោយមក គេបានតំឡើងដល់ទៅបីសប្តាហ៍ ដែលវិធានការនេះ បានរំខានយ៉ាងខ្លាំងដល់ទេសចរណ៍អន្តរជាតិ និង ការធ្វើដំណើរសម្រាប់អាជីវកម្ម ដោយធ្វើឱ្យរាំងស្ទះដល់សេដ្ឋកិច្ច។
ដោយឡែក នៅដើមឆ្នាំ ២០២២ នេះប្រទេសចិនក៏បានបន្ធូរបន្ថយការរឹតបន្តឹងទិដ្ឋាការបន្តិច ដោយអនុញ្ញាតឱ្យសាច់ញាតិផ្ទាល់របស់ពលរដ្ឋចិនដាក់ពាក្យសុំទិដ្ឋាការជួបជុំគ្រួសារបាន ហើយក៏មានការកើនឡើងនៃចំនួនមេដឹកនាំនានាក្នុងពិភពលោកទៅទស្សនាផងដែរ ចាប់តាំងពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងក្នុងខែកុម្ភៈមកម្ល៉េះ៕
ប្រភព៖ CNA