មុខរបរថ្មីខែរងា! ស៊ីឈ្នួលចុះងូតទឹកទន្លេពិសិដ្ឋ ជំនួសអ្នកចង់លាងបាប ដែលខ្លាចទឹកព្រោះត្រជាក់ពេក
ចូលដល់ខែរងា មនុស្សភាគច្រើនតាមបណ្ដាប្រទេសផ្សេងៗគ្នា គឺតែងតែពិចារណាក្នុងការងូតទឹក ដែលជាទម្លាប់ប្រចាំថ្ងៃ ខណៈប្រទេសមួយចំនួនទៀត ត្រូវមុជទឹកក្នុងទន្លេដ៏ត្រជាក់ ដែលជាផ្នែកមួយនៃទំនៀមទម្លាប់ជំនឿប្រចាំប្រទេសរបស់ខ្លួន។
ជាក់ស្ដែង ដូចជាប្រទេសឥណ្ឌា ការមុជទឹកនៃទន្លេពិសិដ្ឋ គឺតែងតែជាទំនៀម និង ជំនឿដ៏សំខាន់បំផុតមួយសម្រាប់ប្រជាពលរដ្ឋក្នុងប្រទេសនេះ ក្នុងការលាងបាបរបស់ពួកគេ ឬ ដូនតារបស់ពួកគេ ដែលបានសាងមកពីមុន។
ទោះជាយ៉ាងណា ជំនឿនៃការចុះមុជទឹកក្នុងទន្លេពិសិដ្ឋនេះដែរ សម្រាប់រដូវរងានេះ គឺហាក់មានផលលំបាកខ្លះសម្រាប់ពលរដ្ឋមួយចំនួនដែលចាញ់នឹងភាពត្រជាក់។ យ៉ាងណាមិញ ថ្មីៗនេះ វីដេអូមួយបានបង្កជាការចាប់អារម្មណ៍ជាខ្លាំងដល់បណ្ដាអ្នកលេងបណ្ដាញសង្គមជាច្រើន ដែលបុរសម្នាក់ បានកើតគំនិតវៃឆ្លាត ប្រកាសស៊ីឈ្នួលមុជក្នុងទឹកទន្លេពិសិដ្ឋដ៏ត្រជាក់ ជំនួសអ្នកដែលចង់លាងបាបតាមជំនឿរបស់ប្រទេស ក្នុងតម្លៃតិចតួចបំផុត។
តាមរយៈវីដេអូដែលបង្ហោះលើបណ្ដាញសង្គម Twitter បានបង្ហាញឱ្យឃើញពីបុរសម្នាក់ អង្គុយលើបង្កាន់ដៃដែកលើទឹកទន្លេពិសិដ្ឋ ហើយប្រកាសថា លោកនឹងធ្វើការមុជចុះទឹកទន្លេហៅឈ្មោះអតិថិនដែលជួលលោក ក្នុងតម្លៃម្នាក់ៗត្រឹម ១០ រូពី (ប្រមាណ ០.១២ ដុល្លារ) តែប៉ុណ្ណោះ។ វីដេអូមួយនេះដែរ គឺផ្ទុះការចាប់អារម្មណ៍ជាខ្លាំង រហូតមានអ្នកចែកចាយបន្តពាសពេញបណ្ដាញសង្គម Twitter៕