មានមនុស្សស្លា.-ប់កើនឡើងដល់ ១៣ នាក់ហើយនៅហ្វីលីពីន ដោយសារភ្លៀងធ្លាក់ខ្លាំងចំថ្ងៃបុណ្យណូអែល
អាជ្ញាធរហ្វីលីពីនបាននិយាយនៅថ្ងៃអង្គារ ទី ២៧ ខែធ្នូ ឆ្នាំ ២០២២ នេះថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងក្នុងថ្ងៃបុណ្យណូអែល (ថ្ងៃទី ២៥) នៅភាគខាងត្បូងនៃប្រទេស បានកើនឡើងដល់ ១៣ នាក់ហើយ ខណៈការស្វែងរកមនុស្សចំនួន ២៣ នាក់ទៀត នៅតែបន្តធ្វើឡើង ព្រោះទឹកជំនន់ក៏ចាប់ផ្តើមស្រកចុះហើយដែរ។
មិនតែប៉ុណ្ណោះ ទីភ្នាក់ងារគ្រោះមហន្តរាយបាននិយាយថា ការស្លាប់ភាគច្រើនគឺ បណ្តាលមកពីការលង់ទឹកជំនន់ ដែលកើតឡើងភ្លាមៗបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងរយៈពេលពីរថ្ងៃ និង បានរំខានដល់ការប្រារព្ធពិធីបុណ្យណូអែល ដោយបង្ខំឱ្យមនុស្សជាង ៤៥០០០ នាក់ ជម្លៀសខ្លួនទៅជ្រកកោននៅក្នុងមជ្ឈមណ្ឌលជម្លៀស ប៉ុន្តែប្រតិបត្តិការនៃការជួយសង្រ្គោះមនុស្សនៅតែបន្តធ្វើឡើង។
គួរបញ្ជាក់ដែរថា ផ្លូវមួយចំនួននៅប្រទេសហ្វីលីពីន ក៏ត្រូវបានទឹកជន់លិចជាច្រើនកន្លែង។ ចំណែកឯលោក Carmelito Heray ប្រធានទីភ្នាក់ងារគ្រោះមហ្តរាយនៅទីក្រុង Clarin ក្នុងខេត្ត Misamis Occidental បាននិយាយថា ការខូចខាតផ្នែកកសិកម្មកំពុងត្រូវបានវាយតម្លៃ ព្រោះគ្រោះទឹកជំនន់នេះ បានធ្វើឱ្យមានការខាតបង់យ៉ាងធំ ពាក់ព័ន្ធនឹង សត្វពាហនៈ ដូចជា ជ្រូក មាន់ ពពែ និង គោ បានបាត់ជាច្រើនក្បាល។ បន្ថែមពីនេះ លោកក៏បានបន្តទៀតថា ជាធម្មតាមិនដែលមានព្យុះត្រូពិចណា កើតនៅក្នុងថ្ងៃឈប់សម្រាកដ៏សំខាន់បំផុត (សម្ដៅដល់បុណ្យណូអែល) នោះទេនាពេលកន្លងមក ប៉ុន្តែដោយសារតែខ្សែបន្ទាត់កាត់នៅតំបន់ខ្យល់ក្តៅ និង ត្រជាក់មកប៉ះគ្នា ទើបបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង កើតឡើងនៅភាគខាងត្បូងប្រទេសហ្វីលីពីន៕
ប្រភព៖ CNA