ស្លេកមុនមិនស្ទើរ! កំពុងការសុខៗមានភ្លើងឆេះវូឡើង ផ្អើលរត់ទាំងកូនកំលោះកូនក្រមុំ និង ភ្ញៀវសឹងមិនទាន់
កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ មានហេតុការណ៍មិននឹកស្មានមួយ បានកើតឡើងនាប្រទេសវៀតណាម ដែលមានរោងការមួយ កំពុងតែប្រព្រឹត្តពិធីសុខៗ ស្រាប់កើតជាអគ្គិភ័យឆាបឆេះពាសពេញ ធ្វើឱ្យកូនក្រមុំកូនកំលោះ និង ភ្ញៀវមកចូលរួមទាំងប៉ុន្មាន នាំគ្នាភ័យស្លេកមុខ រត់ជាន់ជើងគ្នា។
បើតាមវីដេអូដែលត្រូវបានគេចែកចាយនៅតាមបណ្តាញសង្គម បានបង្ហាញឱ្យឃើញថា ពិធីទាំងមូលកំពុងធ្វើទៅយ៉ាងរលូន ដែលកូនកំលោះកូនក្រមុំ ព្រមទាំងភ្ញៀវទាំងប៉ុន្មាន កំពុងតែជប់លៀងអបអរយ៉ាងសប្បាយរីករាយ។
ស្រាប់តែសុខៗក៏មានការឆាបឆេះនៅលើឆាក រហូតរាលដាលទៅដល់ខាងក្រោម និង នៅខាងមុខឆាកទៀត ដែលធ្វើឱ្យភ្ញៀវនៅក្បែរភ័យស្លន់ស្លោរត់ចោលតុអស់ ដើម្បីរកកន្លែងសុវត្ថិភាព។ ឯអ្នកខ្លះទៀត ក៏បាននាំគ្នាស្រវាបំពង់ពន្លត់អគ្គិភ័យ មកជួយពន្លត់យ៉ាងខ្វែងដៃខ្វែងជើង។
យ៉ាងណាមិញ ចុងក្រោយគេក៏បានពន្លត់ភ្លើងបានសម្រេចទាន់ពេលវេលា ព្រមទាំងគ្មាននរណាម្នាក់ដែលរងរបួសនោះទេ ហើយពិធីក៏បានបន្តទៅមុខទៀតតាមធម្មតា។ ចំណែកមូលហេតុនៃការឆេះវិញ ត្រូវបានគេដឹងថា មកពីដាក់តាំងស្មៅស្ងួតនៅលើឆាកច្រើនពេក ព្រមទាំងមានការដុតកាំជ្រួតទៀត ទើបធ្វើមានការឆាបឆួលយ៉ាងសន្ធោសន្ធៅបែបនេះ៕