កម្មវិធីល្ខោនខ្មែរ វគ្គផ្ដាច់ព្រ័ត្ររកឃើញម្ចាស់ជ័យលាភីហើយ ក្នុងរដូវកាលទី ១
ឆ្លងកាត់នូវការប្រកួតប្រជែងដ៏វែងឆ្ងាយ ចាប់តាំងពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២២ កម្មវិធីល្ខោនខ្មែរ រដូវកាលទី ១ បានបិទបញ្ចប់ទៅក្នុងវគ្គផ្ដាច់ព្រ័ត្រ ដែលបានប្រព្រឹត្តទៅនៅស្ថានីយទូរទស្សន៍ BTV ស្ទឹងមានជ័យ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី ៧ នៃរដ្ឋសភា និង ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ក្រោយពីការយកចិត្តទុកដាក់ផ្ដល់ពិន្ទុដ៏សុក្រឹតពីសំណាក់គណៈកម្មការមេប្រយោគ លទ្ធផលក៏បានរកឃើញជ័យលាភីទាំង៣ក្រុម នោះគឺ
១. ជ័យលាភីលេខ ១ ជាមួយទឹកប្រាក់ចំនួន ១២ លានរៀល បានទៅលើក្រុមយុវជនមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ រាជធានីភ្នំពេញ
២. ជ័យលាភីលេខ ២ ជាមួយទឹកប្រាក់ចំនួន ៨ លានរៀល បានទៅលើក្រុមមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ ខេត្តសៀមរាប
៣. ជ័យលាភីលេខ ៣ ជាមួយទឹកប្រាក់ចំនួន ៤ រៀល បានទៅលើក្រុមខ្ញុំស្រឡាញ់វប្បធម៌នៃស.ស.យ.ក. ខេត្តកំពង់ស្ពឺ
ទន្ទឹមនឹងនេះ ក៏មានផ្ទាំងសិល្បៈទស្សនីយភាពនានាដើម្បីជាការចូលរួមអបអរសាទរជាមួយកម្មវិធីល្ខោនខ្មែរ រដូវកាលទី ១ និង ដើម្បីញ៉ាំងឲ្យកម្មវិធី ក្នុងវគ្គផ្ដាច់ព្រ័ត្រឲ្យកាន់តែអធិកអធម និង ឱឡារិក រួមមាន របាំកូរសមុទ្រទឹកដោះ ដែលសម្ដែងដោយនាដក នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និង ការសម្ដែងពិសេស ល្ខោនខោល និង ល្ខោនស្បែកធំ នៃសមាគមសិល្បៈសុវណ្ណភូមិ រឿងរាមកេរ្តិ៍ ត្រង់ឈុតប្រើសមាស។
សូមបញ្ជាក់ផងដែរថា កម្មវិធីល្ខោនខ្មែរ រដូវកាលទី១ បានបែងចែកជា ៩ដំណាក់កាល ដូចតទៅ ៖ (១) ដំណាក់កាលផ្សព្វផ្សាយកម្មវិធីល្ខោនខ្មែរ និងកិច្ចសម្ភាសន៍ពិសេសណៈកម្មការទាំង ៤ (២) ការដាក់ពាក្យចូលរួមប្រកួត និងបិទទទួលពាក្យ និងវីដេអូប្រកួត (៣) វគ្គជម្រើសដោយគណៈកម្មការ (៤) វគ្គ តម្រង់ទិស (៥) ល្ខោនខ្មែរ វគ្គទី១ និង ជំនួបជាមួយគណៈកម្មការ (ការចាប់គ្រូបង្វឹក) (៦) ល្ខោនខ្មែរ វគ្គទី ២ ការប្រកួតកូនក្រុមរបស់គណៈកម្មការទាំង ៤ រូប (៧) ការប្រកួតវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ (៨) វគ្គ វេទិការបស់ខ្ញុំ ការបោះឆ្នោតរបស់ទស្សនិកជនតាមរយៈវីដេអូរបស់ក្រុមប្រកួតលើទំព័រហ្វេសប៊ុកផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ដែលពិន្ទុពីទស្សនិកជនទទួលបាន៤០% និង៦០%ទៀតពីគណៈកម្មការ (៩) គឺវគ្គផ្តាច់ព្រ័ត្រ។
ចាប់តាំងពីវគ្គដំបូងបង្អស់ រហូតដល់ពេលនេះ រាល់ការវិនិច្ឆ័យក្រុមបេក្ខភាពប្រឡងនីមួយៗ ត្រូវបានវាយតម្លៃយ៉ាងសុក្រឹត ដោយគណៈកម្មការមេប្រយោគទាំង ៤ រូប ដែលលោកពោរពេញដោយបទពិសោធ និង ជំនាញឯកទេសយូរឆ្នាំក្នុងវិស្ស័យសិល្បៈបុរាណខ្មែរ រួមមាន ឯកឧត្តម សាស្ដ្រាចារ្យ ព្រឿង ឈៀង លោកស្រី ព្រឹទ្ធាចារ្យ ប៉ែន សុខហួន លោកជំទាវ សាស្ដ្រាចារ្យ សុទ្ធ សុម៉ាលី និងលោកស្រីសាស្ត្រាចារ្យ សំ សត្យា។
កម្មវិធីល្ខោនខ្មែរ រដូវកាលទី ១ នេះផងដែរ រៀបចំឡើងក្នុងគោលបំណង ៖ ចូលរួមលើកស្ទួយ ថែរក្សា ការពារសិល្បៈ ទំនៀមទម្លាប់ប្រពៃណី វប្បធម៌ដែលជាអត្តសញ្ញណជាតិ លើកកម្ពស់ និងផ្សព្វផ្សាយអំពីល្ខោនបុរាណចម្រុះរបស់ខ្មែរទៅកាន់ប្រជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ក្រោយ និងបរទេសបានស្គាល់ឱ្យកាន់តែច្រើន៕