ឆ្នាំនេះសិស្សនិទ្ទេស A នៅកំពង់ស្ពឺមាន ២២ នាក់ អភិបាលខេត្តប្រកាសជូនម៉ូតូ HONDA BEAT ម្នាក់មួយ
រដ្ឋបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២២ នេះ បានបញ្ជាក់ឱ្យបានដឹងថា ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រកាសផ្ដល់ជូនរង្វាន់ម៉ូតូថ្មីម្នាក់មួយ ១ គ្រឿង ( HONDA BEAT) ជូនដល់សិស្ស និទ្ទេស A ចំនួន ២២ រូប។
ឯកឧត្តមបានបញ្ជាក់បែបនេះ នាព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២២ នេះ ក្នុងឱកាសអញ្ជើញកាត់កញ្ចប់លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ នៅវិទ្យាល័យកំពង់ស្ពឺ។
សូមបញ្ជាក់ផងដែរថា ចំពោះបេក្ខជនប្រឡងមានចំនួន ៤.១០២ នាក់ ស្រី ២.២៦៤ នាក់ បេក្ខជនទទួលបាននិទ្ទេស A ចំនួន ២២ នាក់ ស្រី ១៦ នាក់ និទ្ទេស B ចំនួន ២១៧ នាក់ ស្រី ១៣៨ នាក់ និទ្ទេស C ចំនួន ៧៨២ នាក់ ស្រី ៥០២ នាក់ និទ្ទេស D ចំនួន ១.២៤៤ នាក់ ស្រី ៧៥៤ នាក់ និង និទ្ទេស E ចំនួន ១.២២៦ នាក់ ស្រី ៦២៧ នាក់៕