FIFA ស៊ើបភ្លាមៗ រឿងលេចមុខចុងភៅល្បី Salt Bae ចូលទីលានប្រកួត ហើយធ្វើទង្វើទាំងនេះគ្មានការអនុញ្ញាត
នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ កំពុងតែផ្ទុះរឿងរ៉ាវចុងភៅល្បី Salt Bae បានចូលទៅទីលានប្រកួតទាំងគ្មានការអនុញ្ញាត រហូតដល់ថ្នាក់ខាង FIFA ធ្វើការសួរនាំស៊ើបអង្កេត។
កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ នៅពេលការប្រកួតផ្តាច់ព្រ័ត្ររបស់ក្រុមជម្រើសជាតិអាហ្សង់ទីន និង បារាំងបានបញ្ចប់ទៅ ខណៈដែលក្រុមអាហ្សង់ទីនកំពុងអបអរជ័យជម្នះរបស់ខ្លួន ចុងភៅជនជាតិទួគី ដែលត្រូវបានគេស្គាល់ថាជា Salt Bae ក៏បានព្យាយាមចូលទៅកាន់ទីលានប្រកួត ដោយបានទៅទាញ Messi ពីរបីដងដើម្បីថតរូប ថែមទាំងទៅដណ្តើមកាន់ពាន និង ធ្វើកាយវិការរោយអំបិលលេងទៀត។
យ៉ាងណាមិញ ទោះជាចុងភៅរូបនេះមានពាក់កាតនៅ-កយ៉ាងណាក្តី តែកាតមួយនេះត្រូវបានគេដឹងថាមិនមានសិទ្ធិក្នុងការចូលទៅទីលានប្រកួតនោះទេ ហើយក៏គ្មានសិទ្ធិទៅប៉ះពាល់ពាននោះដែរ មានតែក្រុមឈ្នះប៉ុណ្ណោះទើបអាចប៉ះបាន ពោលគឺ Salt Bae គ្មានបានការអនុញ្ញាតពីអ្នកចាត់ការរបស់ FIFA ឡើយ។
រឿងរ៉ាវមួយនេះ បានធ្វើឱ្យផ្ទុះការរិះគន់ពីសំណាក់មហាជន និង អ្នកគាំទ្របាល់ទាត់ជាច្រើននៅតាមបណ្តាញសង្គម ព្រោះគេឃើញអកប្បកិរិយាបែបនេះ គឺពិតជាមិនសមរម្យឡើយ។ យ៉ាងណាមិញ មិនយូរប៉ុន្មានឡើយ ខាង FIFA ក៏បានស៊ើបអង្កេតទៅលើរឿងនេះផងដែរ ហើយ Salt Bae ត្រូវបានគេរំពឹងថា អាចប្រឈមជាមួយនឹងការផាកពិន័យទៀតផង៕