ការគេចែកអាំងប៉ាវ តែមង្គលការនេះចែកម្ហូប ភ្ញៀវៗនាំគ្នាកាន់ចានឆ្នាំងដណ្តើមម្ហូបពេញរោង
ជាធម្មតានៅក្នុងពិធីមង្គលការនីមួយៗ នៅពេលបញ្ចប់កម្មវិធីតែងតែមានការដណ្តើមផ្កា ជូនអាំងប៉ាវ ចែកផ្លែឈើ និង នំនែកផ្សេងៗ ដើម្បីជាសិរីសួស្តីទៅផ្ទះវិញ។ យ៉ាងណាមិញ ថ្មីៗនេះ មានមង្គលការមួយនៅប្រទេសចិន ចម្លែកប្លែកភ្នែកខ្លាំង ដោយបែរជាមានភ្ញៀវៗនាំគ្នាយកចានយកឆ្នាំងមកដណ្តើមម្ហូបពាសពេញយ៉ាងអ៊ូអរ។
ក្នុងវីដេអូបានបង្ហាញឱ្យឃើញថា មានមនុស្សម្នាជាច្រើនកាន់ចានឆ្នាំង ក៏ដូចជារបស់របរផ្សេងៗនៅក្នុងដៃ កំពុងតែចោមរោមដណ្តើមគ្នាដួសអាហារពីក្នុងឆ្នាំងយក្សមួយយ៉ាងខ្វែងដៃខ្វែងជើង។ ការដណ្តើមម្ហូបនេះ បើតាមជំនឿនៅក្នុងស្រុកគេជឿថា គឺជាការចែកចាយក្តីសុខជាមួយនឹងគូស្វាមីភរិយាថ្មី កាលណាម្ហូបអស់កាន់តែលឿន នោះគូស្វាមីភរិយានឹងកាន់តែមានក្តីសុខ។ ហើយក្នុងវីដេអូនេះ មនុស្សម្នានាំគ្នាមកដណ្តើមម្ហូបអស់ក្នុងរយៈពេល ៥ នាទីប៉ុណ្ណោះ។
យ៉ាងណាមិញវីដេអូមួយនេះ បានធ្វើឱ្យមហាជនជាច្រើនហាក់ទើសទាល់ចិត្ត ចេញជាការរិះគន់ ដោយគេគិតថា វាបង្កឱ្យមានភាពរញ៉េរញ៉ៃគ្មានសណ្តាប់ធ្នាប់ ព្រមទាំងមើលទៅមនុស្សម្នាដូចជាដាច់បាយដាច់ទឹកមកជាយូរដូច្នោះឯង៕
សូមទស្សនាវីដេអូខាងក្រោម៖