ចាំយុវជនផលិតមីល្ពៅទេ? ពេលនេះប្រកាសសុំទោស និង ផ្អាកផលិតមីល្ពៅ មិនច្បាស់ថ្ងៃណាត្រឡប់វិញទេ
ប្រិយមិត្តមួយចំនួនប្រាកដជាបានស្គាល់យុវជន វ៉ាន់ គិមវ៉ាង មានវ័យជាងម្ភៃឆ្នាំ ដែលកន្លងមកទទួលបានការចាប់អារម្មណ៍ពីមហាជនជាខ្លាំង ក្រោយយុវជនរូបនេះបានផលិតចេញនូវមីល្ពៅជាលើកដំបូងសម្រាប់បម្រើឱ្យទីផ្សារនៅកម្ពុជា ខណៈដែលរូបគេជាអតីតនិស្សិតបរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រចំណីអាហារ នៃសាកលវិទ្យាល័យបាត់ដំបង។
ឆ្លងកាត់ការផលិតបានជាច្រើនឆ្នាំ ស្រាប់តែនៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ តាមរយៈផេក មីល្ពៅខ្មែរ បាត់ដំបង បានបញ្ជាក់ពីការផ្អាកការផលិតរបស់ខ្លួនបែបនេះថា ៖ «ពេលវេលាពិតជាដើរលឿនណាស់ ខ្ញុំពិតជាសុំទោសដល់បងប្អូនទាំងអស់គ្នាខ្លាំងណាស់ ដែលខ្ញុំមិនអាចបន្តធ្វើចំណីអាហារដែលជួយសុខភាពបានទៀតទេ ខ្ញុំត្រូវផ្អាកមួយរយៈសិន ហើយក៏មិនច្បាស់ថាថ្ងៃណាត្រឡប់មកវិញដែរ»។
យុវជនខាងលើ បានបន្តទៀតថា ៖ «ខ្ញុំសូមអរគុណដល់អ៊ំពូមីងបងប្អូនដែលបានគាំទ្រខ្ញុំរហូតមក ហើយខ្ញុំសុំទោសខ្ញុំមិនអាចជួយកសិករបាន ខ្ញុំមិនអាចបង្កើតរោងចក្របាន ខ្ញុំសុំទោសបងប្អូងទាំងអស់គ្នា។ រឿងទទួលវិនិយោគកាលមិនពីមុន ពិតជាមិនងាយស្រួយទេបងប្អូន ព្រោះបងប្អូនមួយចំនួនខឹងស្អប់ខ្ញុំ ព្រោះខ្ញុំមិនទទួលវិនិយោគ តែគ្រប់យ៉ាងគឺវាមានហេតុ និង ផល»៕