រដ្ឋបាលខេត្តបាត់ដំបង គ្រោងសាងសង់វិមានឯករាជ្យ សួន និងផ្សាររាត្រី នាពេលដ៏ខ្លីខាងមុខនេះ
រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ បានឱ្យដឹងថា ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា ខេត្តបាត់ដំបង គ្រោងនឹងធ្វើការរៀបចំសាងសង់វិមានឯករាជ្យ សួនសម្ដេចក្រឡាហោមវិមានឯករាជ្យ និងផ្សាររាត្រីបាត់ដំបង នាពេលខាងមុខនេះ។
ឯកឧត្តម បានថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជួបសំណេះសំណាលជាមួយអាជីវករដែលកំពុងលក់ដូរនៅផ្សាររាត្រី និងនៅតាមវិថីម្ហូបអាហារ ដែលនឹងត្រូវធ្វើការផ្លាស់ប្ដូរទីតាំងលក់របស់ពួកគាត់ ទៅផ្សាររាត្រីបាត់ដំបងថ្មី ដែលរដ្ឋបាលខេត្តបាត់ដំបង គ្រោងនឹងធ្វើការសាងសង់នាពេលដ៏ខ្លីខាងមុខនេះ ដោយទីតាំងចាស់នឹងជំនួសដោយវិមានឯករាជ្យ និងសួនសម្ដេចក្រឡាហោមវិមានឯករាជ្យ ដើម្បីឱ្យប្រជាពលរដ្ឋធ្វើការដើរលេងកម្សាន្ដ ស្រូបយកខ្យល់អាកាសបរិសុទ្ធជាមួយនឹងការរៀបចំសួនច្បារថ្មី ដែលមានមុខងារច្រើននៅក្នុងសួនច្បារសម្ដេចក្រឡាហោមវិមានឯករាជ្យនោះផងដែរ ។
ចំណែកចំពោះអាជីវករដែលកំពុងប្រកបអាជីវកម្មនៅទីនោះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា រដ្ឋបាលខេត្តបាត់ដំបង បានធ្វើការសិក្សា និងគិតគូរជូនអាជីវករបានរួចរាល់អស់ទៅហើយ ពោលគឺរដ្ឋបាលខេត្ត នឹងធ្វើការសាងសង់ផ្សាររាត្រីថ្មីមួយកន្លែងទៀត ដើម្បីផ្លាស់ប្ដូរគាត់ទៅប្រកបអាជីវកម្មនៅកន្លែងថ្មី ដោយមិនមែនទុកពួកគាត់ចោលឡើយ៕
ប្រភព ៖ រដ្ឋបាលខេត្តបាត់ដំបង
រូបភាព ៖ Siengem Sathya