ក្ដៅៗ! ភ្នំភ្លើងធំជាងគេបំផុតលើលោក បានផ្ទុះឡើងជាលើកដំបូង ក្នុងរយៈពេលជិត ៤០ ឆ្នាំ
អាជ្ញាធរនៅសហរដ្ឋអាមេរិក បានធ្វើសេចក្ដីរាយការណ៍ថា ភ្នំ Mauna Loa នៅកោះហាវៃ ដែលជាភ្នំភ្លើងសកម្ម និង ធំបំផុតលើពិភពលោក បានផ្ទុះឡើងជាលើកដំបូងក្នុងពេលជិត ៤០ ឆ្នាំមកនេះ។
ភ្នាក់ងាររដ្ឋាភិបាល USGS (United States Geological Survey) កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ វេលាម៉ោង ១១ និង ៤៥ នាទី យប់ (វេលាក្នុងតំបន់) បានធ្វើការប្រកាសព្រមានដល់អ្នករស់នៅក្បែរតំបន់ភ្នំនោះឱ្យមានការប្រុងប្រយ័ត្ន ក្រោយភ្នំភ្លើង Mauna Loa បានផ្ទុះឡើងនោះ។
តាមការបញ្ជាក់ពីភ្នាក់ងារ USGS លើវិបសាយផ្លូវការរបស់ពួកគេ បានឱ្យដឹងថា ៖ «នៅអំឡុងពេលនេះ លំហូរនៃកំអែភ្នំភ្លើង គឺមានកំណត់ទៅតំបន់កំពូល ដែលវាមិនទាន់មានការគំរាមកំហែងដល់សហគមន៍រស់នៅខាងក្រោមនោះឡើយ»។ ទោះជាយ៉ាងណា ខាងភ្នាក់ងារបានបន្ថែមដែរថា ពលរដ្ឋដែលរស់នៅក្នុងតំបន់ទាំងនោះ គួរតែត្រៀមខ្លួនឱ្យរួចរាល់ជាមុន។
គួរបញ្ជាក់ផងដែរថា អាជ្ញាធរនៅកោះហាវៃ បានប្រកាសបិទតំបន់កំពូលភ្នំ និង ដងផ្លូវក្នុងតំបន់ជាច្រើន ប៉ុន្តែមកទល់ពេលនេះ នៅមិនទាន់មានការបញ្ជាឱ្យជម្លៀសប្រជាពលរដ្ឋនៅឡើយទេ៕