កាន់តែងាយស្រួល! ឧត្តមសេនីយ៍ឯក ស ថេត ណែនាំក្រុមការងារ ចុះធ្វើអត្តសញ្ញាណប័ណ្ណ ដល់តាមភូមិ និង តាមខ្នងផ្ទះប្រជាពលរដ្ឋ
នៅព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ តាមរយៈផេកផ្លូវការ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ពីការផ្តល់ការណែនាំ ដល់ការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អធិការដ្ឋាននគរបាលខណ្ឌទាំង ១៤ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១០៥ ចាប់ផ្ដើមរៀបចំ ចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់តាមភូមិ និង តាមខ្នងផ្ទះប្រជាពលរដ្ឋ។
ឯកឧត្តមបានបញ្ជាក់បែបនេះ នៅព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្នុងកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យ និងជម្រុញបន្ថែម ក្នុងការផ្សព្វផ្សាយ ដើម្បីពន្លឿនក្នុងការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មី ជូនដល់ប្រជាពលរដ្ឋទាំង ២ ភេទ ដែលគ្រប់អាយុ ១៥ ឆ្នាំ និងសម្រាប់ប្រពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព និង សល់សុពលភាពត្រឹម ៩០ ថ្ងៃហួសសុពលភាព។
ជាមួយនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានធ្វើការកោតសរសើរដល់មន្ត្រីទាំងអស់ ដែលបានខិតខំបំពេញតួនាទីភារកិច្ចកន្លងមក ក្នុងការបម្រើ និងផ្តល់សេវាសាធារណ:ចាំបាច់ផ្សេងៗដល់ប្រជាពលរដ្ឋបានយ៉ាងល្អ ជាពិសេសណែនាំដល់មន្ត្រីទទួលការងារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទាំងអស់ ត្រូវរៀបចំធ្វើជាតារាងផែនការ ម៉ោងវេលា ទីកន្លែង ឱ្យច្បាស់លាស់ ដោយចាប់ផ្ដើមធ្វើយុទ្ធនាការចុះធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋដល់តាមភូមិ និងតាមខ្នងផ្ទះប្រជាពលរដ្ឋ។
ក្នុងករណីមានប្រជាពលរដ្ឋសួរនាំផ្សេងៗ មន្ត្រីពាក់ព័ន្ធត្រូវមានការបញ្ជាក់ហេតុផលឱ្យបានច្បាស់លាស់ និងសមរម្យជាមួយប្រជាពលរដ្ឋ ដោយមន្ត្រីត្រូវណែនាំប្រជាពលរដ្ឋឱ្យបានយល់ច្បាស់ នៅពេលគាត់សុំកែអក្សរឡាតាំង ថ្ងៃខែឆ្នាំកំណើត គឺត្រូវផ្តោតសំខាន់លើសំបុត្រកំណើត មិនមែនកែតាមការចង់នោះទេ។ មួយវិញទៀត ការធ្វើអត្តសញ្ញាណប័ណ្ណនេះ ត្រូវការពេលវេលារយ:ពេល ៤៥ ថ្ងៃ គិតចាប់ពីថ្ងៃបំពេញឯកសារ និងថតរូប៕