មហាជនក្ដៅឆេវ ក្រោយស្ដាប់ចម្លើយសារភាពរបស់នារីជាម្ដាយ ដែលយកកូនច្រកថង់បោះចោល
ពិតជាហេតុការណ៍មួយ ដ៏គួរឱ្យភ្ញាក់ផ្អើល និង ខ្លោចចិត្តខ្លាំងណាស់ កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ សម្រាប់អ្នកភូមិនៅតំបន់មួយកន្លែង នាខេត្តឈុនបុរីប្រទេសថៃ ដែលបានប្រទះឃើញទារកមួយរូប ត្រូវគេយកមកបោះចោលនៅលើគំនរសំរាម។
ទារកដែលបានប្រទះនេះ គឺជាទារកភេទប្រុស មុខមាត់គួរឱ្យស្រឡាញ់ ទម្ងន់ ៣.៧ គីឡូក្រាម ត្រូវគេច្រកថង់ផ្លាស្ទិក ព្រមទាំងនៅប្រឡាក់ទៅដោយឈាម និង ទឹកភ្លោះ យកមកដាក់ចោលនៅលើគំនរសំរាម ហើយចុងក្រោយក៏ត្រូវបានគេជួយសង្គ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។
ក្នុងនោះដែរ ក្រោយពីត្រូវគេចាប់បានភស្តុតាង និង ត្រូវគេសាកសួរ ស្រ្តីជាម្តាយវ័យ ១៧ ឆ្នាំ បានអះអាងថា នាងមិនដឹងថា ខ្លួនមានកូនឡើយ ព្រោះនៅមានរដូវរាល់ខែ រហូតមកដល់ថ្ងៃកើតហេតុ នាងក៏បានឈឺពោះខ្លាំងណាស់ ព្រមទាំងមានទឹកហូរមកមិនឈប់ ហើយស្រាប់កើតកូនចេញមកតែម្តង។
ដោយសារតែភាពតក់ស្លុតភ្ញាក់ផ្អើល នាងធ្វើអ្វីមិនត្រូវឡើយ ទើបសម្រេចចិត្តយកក្មេងទៅបោះចោល ដោយច្រកថង់ដាក់លើគំនរសំរាមបែបនេះ។ យ៉ាងណាមិញ ទារកត្រូវបានក្រុមគ្រូពេទ្យជួយមើលថែ ហើយខាងប៉ូលិសក៏នៅមិនទាន់ជឿសម្តីរបស់ម្តាយគេនោះទេ ដោយរង់ចាំឱ្យនាងជាសះស្បើយជាងនេះបន្តិចសិន ទើបគេសាកសួរម្តងទៀត៕