នៅសុខៗគេមកសង់ផ្ទះប៉ុនណាណីនៅលើដីរបស់ខ្លួន ដល់សួរនាំ គេឆ្លើយថាច្រឡំដី
ពិតជារឿងរ៉ាវមួយដែលគួរឱ្យហួសចិត្តមិនតិចឡើយ សម្រាប់មហាជននៅតាមបណ្តាញសង្គម ដោយមានម្ចាស់ដីមួយកន្លែង នៅសុខៗស្រាប់តែមានអ្នកណាមិនដឹង មកសង់ផ្ទះប៉ុនណាណីនៅលើដីរបស់ខ្លួន ដល់សួរនាំមើលទៅ បែរជាឆ្លើយថាច្រឡំដីទៅវិញ។
យ៉ាងណាមិញ រឿងរ៉ាវមួយនេះ បានកើតឡើងនាខេត្តកានចៈណាក់បុរី ប្រទេសថៃ ដោយរឿងផ្ទុះផ្អើល ក្រោយម្ចាស់ដីជាប្តីប្រពន្ធមួយគូ បានទៅសុំជំនួយដោះស្រាយពីអាជ្ញាធរនាក្រុងបាំងកក ថាមានអ្នកមកសង់ផ្ទះនៅលើដីរបស់ខ្លួន ទាំងខ្លួនមិនបានដឹងរឿងសោះ ហើយថែមទាំងត្រូវគេចោទប្រកាន់ទៀត។
ក្នុងនោះ ប្តីប្រពន្ធទាំងគូ បានឱ្យដឹងថា ដីមួយកន្លែងនេះ គឺជារបស់ខ្លួន ដោយមានឯកសារត្រឹមត្រូវតាមច្បាប់ ហើយកាលពីខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ មានអាជ្ញាធរបានមកប្រាប់ឱ្យចុះទៅវាស់វែង ស្រាប់តែទៅដល់ ឃើញផ្ទះពីរខ្នងជ្រងោរៗ។ អ្វីដែលហួសចិត្តនោះ ក្រោយពីនោះ អាជ្ញាធរបែរជាបានចេញបញ្ជាឱ្យឈប់សាងសង់ ព្រមទាំងផាកពិន័យលើម្ចាស់ដីទៀតផង ដោយអះអាង ជាការសាងសង់ដោយគ្មានការអនុញ្ញាតិ ទាំងដែលម្ចាស់ដីមិនមែនជាអ្នកសាងសង់ផ្ទះនោះទេ ហើយត្រូវគេរំលោភដីទៀត។
ម្ចាស់ដី និងគូរករណីដែលមានបញ្ហានោះ ក៏បានមកដោះស្រាយគ្នាច្រើនដងហើយដែរ តែនៅតែមិនអាចដោះស្រាយបានឡើយ ទើបពន្យារពេលមកដល់សព្វថ្ងៃនេះ។ ចំណែក ខាងម្ចាស់ផ្ទះវិញ បានឱ្យដឹងថា ខ្លួនពិតជាបានសង់ផ្ទះនៅលើដីនេះពិតមែន តែគ្មានចេតនានោះទេ។ គឺទើបតែដឹង ពេលហៅអាជ្ញាធរឱ្យមកវាស់វែង ទើបដឹងថា ខ្លួនសង់ផ្ទះលើដីរបស់អ្នកដទៃ ហើយក៏បានបញ្ឈប់ការសាងសង់ភ្លាមៗ ព្រមទាំងបានទាក់ទងទៅខាងម្ចាស់ដី សុំទិញដីផងដែរ ប៉ុន្តែមិនបានសម្រេចឡើយ ព្រោះអាជ្ញាធរទារលុយពិន័យ ថ្លៃជាងតម្លៃដីច្រើនខ្លាំងណាស់។ ទើបរឿងរ៉ាវ នៅបន្តរហូតមកដល់សព្វថ្ងៃ៕