កោះមួយនៅយេម៉ែន សម្បូររុក្ខជាតិ និង សត្វប្លែកៗមិនធ្លាប់មាននៅកន្លែងផ្សេង លើពិភពលោក
នៅលើភពផែនដីដែលយើងកំពុងរស់នៅនេះ មានរឿងរ៉ាវ និង វត្ថុប្លែកៗជាច្រើនដែលកើតមានឡើង និងនៅតែមិនមានអ្នកវិទ្យាសាស្ត្រណាអាចពន្យល់បាននៅឡើយ។ ជាក់ស្ដែង នៅលើកោះមួយក្នុងសាធារណរដ្ឋ យេម៉ែន ដែលហៅថា កោះ Socotra គឺពោរពេញទៅដោយសត្វ និង រុក្ខជាតិប្លែកៗជាច្រើន ដែលមិនធ្លាប់មាននៅបណ្ដាប្រទេសដទៃលើពិភពលោកនោះឡើយ។ ក្នុងចំណោមវត្ថុចម្លែកៗទាំងនោះ ដើមឈើឈាមនាគ (Dragon’s Blood Tree) នៅលើកោះ Socotraក៏ជារុក្ខជាតិដ៏ប្លែកបំផុតមួយប្រភេទ កំពុងទាក់ចិត្តអ្នកវិទ្យាសាស្ត្រជាច្រើនផងដែរ។
កោះ Socotra ដែលជាដែនកោះមួយស្ថិតនៅឈូងសមុទ្រសាធារណរដ្ឋ យេម៉ែន និង សូម៉ាលី គឺជាកន្លែងមួយ ដែលជាញឹកញាប់ត្រូវបានគេប្រៀបធៀបទៅនឹងដែនដីនៃភពក្រៅ ព្រោះតែកោះមួយនេះ សម្បូរទៅដោយរុក្ខជាតិ និង សត្វប្លែកៗទាក់ភ្នែក មិនធ្លាប់ដែលឃើញនៅកន្លែងនានាផ្សេងទៀតនោះឡើយ។
កោះ Socotra ក៏ត្រូវបានគេចាត់ទុកថា ជាកន្លែងអាថ៌កំបាំងមួយផងដែរ ដោយសារតែមនុស្សភាគច្រើន មិនធ្លាប់ដែលឮពីវាពីមុនមកនោះឡើយ។ ភាគច្រើននៃអ្នកដែលទៅកាន់ដែនដីកោះមួយនេះ គឺសុទ្ធតែជាអ្នកវិទ្យាសាស្ត្រ ស្រាវជ្រាវ និង អ្នកដែលចាប់អារម្មណ៍លើផ្នែកអេកូទេសចរណ៍។ Socotra ត្រូវបានអ្នកវិទ្យាសាស្ត្រចាត់ទុកថា ជាតំបន់ជីវចម្រុះដ៏កម្របំផុតមួយដែលពោរពេញដោយរុក្ខជាតិ និង សត្វដ៏កម្របំផុត រហូតដល់ជាង ៨០០ ប្រភេទ។ ជាក់ស្ដែង ៩០ ភាគរយនៃប្រភេទសត្វល្មូន និង ៩៥ ភាគរយនៃប្រភេទសត្វខ្យងនៅលើកោះនេះ គឺមិនមានរស់នៅលើកន្លែងផ្សេងនោះឡើយ។
ក្នុងចំណោមជីវៈកម្រៗទាំងនោះ អ្នកវិទ្យាសាស្ត្រចាប់អារម្មណ៍ខ្លាំងក្លាជាងគេ ដើមឈើដ៏កម្រមួយប្រភេទហៅថា ដើមឈាមនាគ (Dragon’s Blood Tree)។ ដើមឈាមនាគ គឺមានសណ្ឋានដូចជាឆ័ត្រ។ ពេលដើមនៅតូច គឺវាមានត្រឹមតួដើមតែមួយប៉ុណ្ណោះ ប៉ុន្តែក្រោយលូតលាស់បានប្រមាណពី ១០ ទៅ ១៥ ឆ្នាំ ដើមរបស់វាក៏ឈប់លូតលាស់ ហើយផ្កាពណ៌សជាច្រើនក៏បានចាប់រីក មុនរោយកើតចេញជាផ្លែ។ បន្ទាប់មក ដើមតូចៗខ្ចីក៏ចាប់លូតចេញឡើង ហើយដើមឈើនេះក៏ចាប់ផ្ដើមបែកមែកសាខាលាតសន្ធឹងប្រៀបដូចជាឆត្រ។
អ្វីដែលជាចំណុចពិសេសបំផុតនៃដើមឈាមនាគមួយនេះ គឺជាជ័ររបស់វា ដែលមានសភាពពណ៌ក្រហមដូចឈាម មានរសជាតិជូរ និង ហាក់ក្ដៅៗបន្តិច។ ដូច្នេះហើយ ទើបគេហៅដើមឈើប្រភេទនេះថា ជាដើមឈាមនាគបែបនេះ។
ដើមឈាមនាគ បច្ចុប្បន្នគឺជាអត្តសញ្ញាណនៃកោះ Socotra។ អាយុកាលនៃដើមឈើនេះ អាចរស់រានដល់រាប់រយឆ្នាំឯណោះ ប៉ុន្តែប្រភេទដើមឈើមួយនេះ គឺកំពុងប្រឈមនឹងការបាត់បង់ ដោយសារកត្តាផ្សេងៗគ្នាជាច្រើន។ អ្នកវិទ្យាសាស្ត្រ បានប៉ាន់ស្មានថានៅត្រឹមឆ្នាំ ២០៨០ ចំនួន ៤៥ ភាគរយនៃជម្រករបស់ដើមឈើប្រភេទនេះ អាចនឹងបាត់បង់ទាំងស្រុង៕