សម្ដេចបង្ហោះសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ក្នុងហេតុការណ៍លិ-.ចទូកចម្លងដឹកសិស្ស កាលពីយប់មិញ
នៅយប់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ មានករណីលិចទូកដទទឹង នៅស្រុកលើកដែក ដែលបានកើតហេតុកាលពីវេលាម៉ោង ១៩ និង ០០ នាទី ស្ថិតនៅចំណុចទូកដទទឹង ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។
ទន្ទឹមទៅនឹងរឿងនេះ នៅព្រឹកថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២២ នេះ តាមរយៈផេកផ្លូវការ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារចូលរួមរំលែកទុក្ខបែបនេះថា ៖ «ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រំបំផុត ជាមួយបងប្អូនក្រុមគ្រួសារដែលបានបាត់បង់កូនៗ និង ចៅៗជាទីស្រឡាញ់ នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលា ទៅផ្ទះស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ ដែលបានបណ្តាលឱ្យស្លាប់ជាច្រើននាក់ និង មួយចំនួនត្រូវបានជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និង មួយចំនួនទៀតនៅកំពុងបាត់ខ្លួននៅឡើយ»។
ចំពោះរឿងនេះ សម្ដេចបានសូមឱ្យសមត្ថកិច្ច និង អាជ្ញាធរពាក់ព័ន្ធទាំងអស់ ចូលរួមបន្តស្វែងរកអ្នករងគ្រោះ និង ចូលរួមដោះស្រាយជួយដល់បងប្អូនក្រុមគ្រួសារនៃសព និង ជនរងគ្រោះឱ្យបានទាន់ពេលវេលដ៏លំបាកបំផុតនេះ និង សូមឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសដែលរស់នៅតាមមាត់ទន្លេមានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលដែលស្ថានភាពទឹកជំនន់កំពុងកើនឡើង៕