រដ្ឋចំនួន ៣ នៅអូស្រ្តាលីបញ្ជាឱ្យជម្លៀសពលរដ្ឋខ្លួនបន្ទាន់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង
សហគមន៍ក្នុងរដ្ឋចំនួន ៣ នៃប្រទេសអូស្ត្រាលីត្រូវបានបញ្ជាឱ្យជម្លៀសចេញភ្លាមៗ ខណៈពេលដែលភ្លៀងធ្លាក់ខ្លាំងនាំឱ្យមានទឹកជំនន់ធំ ដោយផ្នែកខ្លះនៃប្រទេសបានទទួលទឹកភ្លៀងជាមធ្យម ក្នុងខែតុលាច្រើនជាងបីដងក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះ។ យ៉ាងហោចណាស់មានផ្ទះចំនួន ៥០០ ត្រូវបានជន់លិច ហើយមនុស្សម្នាក់បានស្លាប់ និង ម្នាក់ទៀតបាត់ខ្លួន ខណៈដែលគ្រោះមហន្តរាយនេះកើតឡើង។ ទឹកជំនន់បានរីករាលដាលនៅទូទាំងប្រទេសអូស្ត្រាលី ដែលជំរុញដោយអាកាសធាតុ La Niña គឺបានសម្លាប់មនុស្សជាង ២០ នាក់ហើយនៅឆ្នាំនេះ។
រដ្ឋ Victoria ដែលមានប្រជាជនច្រើនជាងគេទីពីររបស់អូស្ត្រាលី បានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរបំផុតក្នុងសប្តាហ៍នេះ ដោយសហគមន៍ជាច្រើនត្រូវបានបញ្ជាឱ្យជម្លៀសចេញ រួមទាំងមួយចំនួននៅក្នុងរដ្ឋមែលប៊ន។ ចំណែកឯនាយករដ្ឋមន្ត្រីលោក Daniel Andrews បាននិយាយថា ចំនួនផ្ទះជន់លិចគឺប្រាកដណាស់ថានឹងកើនឡើង ដែលអាចហៅវាថាជាព្រឹត្តិការណ៍ទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។ គាត់បានប្រាប់អ្នកផ្សព្វផ្សាយព័ត៌មានអូស្ត្រាលីថា «វាទើបតែចាប់ផ្តើមទេ ហើយវានឹងបន្តនៅជាមួយយើងមួយរយៈ»។ ទឹកជំនន់បានជន់លិចផ្លូវថ្នល់ ហើយបង្ខំឱ្យបិទសាលារៀន និង កាត់ផ្តាច់ចរន្តអគ្គិសនីដល់ផ្ទះ និង ហាងអាជីវកម្មចំនួន ៣០០០ ថែមទាំងមានភ្លៀងធ្លាក់កាន់តែច្រើនត្រូវបានព្យាករណ៍នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ដែលធ្វើឱ្យមានទឹកទន្លេហូរហៀរ និង អាចមានការបាក់ដី។
ទីក្រុង Seymour ភាគខាងជើងនៃទីក្រុង មែលប៊ន បានទទួលទឹកភ្លៀងចំនួន ១៥៥ មិល្លីម៉ែត្រក្នុងរយៈពេល ២៤ ម៉ោងដែលជាចំនួនទឹកភ្លៀងច្រើនជាងមធ្យមក្នុងខែតុលាចំនួនបីដង ឬប្រហែលមួយភាគបួននៃចំនួនមធ្យមដែលទីក្រុងឡុងដ៍ទទួលបានក្នុងមួយឆ្នាំ។ នៅ Tasmania ទន្លេជាច្រើនបានហៀរទឹកជន់លិចបន្ទាប់ពីមានភ្លៀងធ្លាក់រហូតដល់ ៤០០ មិល្លីម៉ែត្រនៅតំបន់ខ្លះក្នុងមួយថ្ងៃ។ ចំណែកឯនៅរដ្ឋ New South Wales មនុស្សប្រហែល ៦០០ នាក់ត្រូវបានប្រាប់ឱ្យជម្លៀសចេញពីទីក្រុង Forbes ជាកន្លែងដែលអចលនទ្រព្យ និង អាជីវកម្មប្រហែល ២៥០ កន្លែងត្រូវបានគេរំពឹងថានឹងជន់លិច។
គួរបញ្ជាក់ដែរថា មានបុរសម្នាក់បានស្លាប់ កាលពីដើមសប្តាហ៍នេះបន្ទាប់ពីរថយន្តរបស់គាត់បានលិចក្នុងទឹកជំនន់ ខណៈដែលក្រុមអ្នកជួយសង្គ្រោះក៏កំពុងស្វែងរកបុរសអាយុ ៦៣ ឆ្នាំម្នាក់ដែលត្រូវបានគេដឹងថាត្រូវបានទឹកហូរនាំទៅក្នុងកាលៈទេសៈស្រដៀងគ្នាកាលពីថ្ងៃអង្គារ។ អ្នកជំនាញបាននិយាយថា ទឹកជំនន់នាពេលថ្មីៗនេះនៅក្នុងប្រទេសអូស្ត្រាលីកាន់តែអាក្រក់ទៅៗហើយដោយសារការប្រែប្រួលអាកាសធាតុ និង បាតុភូតអាកាសធាតុ La Niña ដោយនៅប្រទេសអូស្ត្រាលី La Niña បង្កើនលទ្ធភាពនៃភ្លៀង ព្យុះស៊ីក្លូន និង សីតុណ្ហភាពពេលថ្ងៃកាន់តែត្រជាក់ខ្លាំងទៅ៕
ប្រភព៖ BBC