តំបន់ប្រវត្តិសាស្ត្រ និង ប្រាសាទប្រមាណ ៧០ កន្លែងនៅអយុធ្យា ប្រឈមការដួលរលំព្រោះទឹកជំនន់
តាមការចេញផ្សាយរបស់សារព័ត៌មាន Thai PBS World ស្រង់សម្ដីលោក Pattarapong Kao-ngern ប្រធានឧទ្យានប្រវត្តិសាស្ត្រអយុធ្យា បានឱ្យដឹងថា តំបន់ប្រវត្តិសាស្ត្រ និង ប្រាសាទចំនួន ៧០ កន្លែងនៅក្នុងខេត្តអយុធ្យា ត្រូវបានទឹកជន់លិចលង់អស់រយៈពេលប៉ុន្មានថ្ងៃមកហើយ។ បើទោះបីជាគ្រឹះមើលទៅហាក់ជានៅរឹងមាំក៏ពិតមែន ប៉ុន្តែប្រាសាទ និង តំបន់ប្រវត្តិសាស្ត្រទាំងនោះ គឺប្រឈមខ្លាំងបំផុតនឹងការដួលរលំ ប្រសិនបើនៅតែបន្តមានទឹកលិចលង់បែបនេះ។
លោក Pattarapong បានបន្តឱ្យដឹងទៀតថា ទឹកជំនន់ដែលជ្រាបទៅក្រោមដី នឹងបង្កជាការប៉ះពាល់ធ្ងន់ធ្ងរដល់មូលដ្ឋានគ្រឹះនៃសំណង់ប្រាសាទបុរាណទាំងនេះ ដូច្នេះហើយ ការប៉ះពាល់រយៈពេលយូរ ក៏នឹងផ្ដល់ជាលទ្ធផលមិនអាចរំពឹងទុកនោះដែរ។ ក្នុងនោះ ខាងអាជ្ញាធរ នឹងត្រូវធ្វើការវាយតម្លៃស្ថានភាពបច្ចុប្បន្នឱ្យបានឆាប់រហ័ស ដើម្បីធ្វើការដោះស្រាយ និង វិធានការជួសជុលឱ្យបានលឿនតាមដែលអាចធ្វើបាន នៅពេលដែលទឹកស្រកចុះវិញ។
គួរបញ្ជាក់ផងដែរថា រយៈពេល ២ ខែមកនេះ ខាងរដ្ឋាភិបាលខេត្តអយុធ្យា បានបញ្ជូនកងទ័ព និង កងកម្លាំងដែលមានមុខងារផ្សេងៗទៀត យកបាវខ្សាច់រាប់លានបាវ ទៅទប់ទំនប់ទឹកនៃទន្លេចៅប្រាយ៉ា ទន្លេ Noy និង ទន្លេ Pa Sak រួមទាំងធ្វើការដំឡើងម៉ាស៊ីនបូមទឹកដែលមានកម្លាំងខ្លាំងប្រមាណជាង ៥០ គ្រឿងទៀត ដើម្បីបញ្ចៀសទឹកជំនន់។
ទោះជាយ៉ាងណា កម្លាំងទឹកដែលហូរចុះពីទន្លេខាងលើ រួមបញ្ចូលគ្នាជាមួយនឹងទឹកភ្លៀងធ្លាក់យ៉ាងគំហុកឥតដាច់ទៀតនោះ បានបណ្ដាលឱ្យតំបន់ជាច្រើនក្នុងខេត្តរងការជន់លិចធ្ងន់ធ្ងរ។ បច្ចុប្បន្ន ប្រាសាទល្បីៗ និង តំបន់ប្រវត្តិសាស្ត្រមួយចំនួនដូចជាប្រាសាទ Chaiwattanaram និង ប្រាសាទ Pom Phet ត្រូវបានប្រកាសបិទមិនទទួលភ្ញៀវទេសចរឱ្យចូលទស្សនានោះឡើយ៕
ប្រភព ៖ Thai PBS World