យកឪពុកទៅពេទ្យ គេហាមមិនឱ្យមានអ្នកកំដរ តែពេទ្យមិនយកចិត្តទុកដាក់ បណ្តោយឱ្យស្រមោចរោមពេញខ្លួន
ថ្មីៗនេះ មានគណនី Facebook មួយ បានទម្លាយឱ្យដឹងថាពីរឿងរ៉ាវដ៏ហួសចិត្តមួយ ទាក់ទងនឹងការយកឪពុកទៅព្យាបាលនៅមន្ទីរពេទ្យមួយកន្លែង ដែលហាមមិនឱ្យមានអ្នកកំដរឡើយ តែមិនបានយកចិត្តទុកដាក់មើលថែអ្នកជំងឺនោះទេ បណ្តោយឱ្យលោកតាត្រូវស្រមោចរោមពេញខ្លួនតែម្តង។
ក្នុងនោះ គណនីមួយនេះ បានទម្លាយនៅបណ្តាញ ជាសារដើមជាមួយនឹងវីដេអូ និងរូបភាពមួយចំនួនថា «លោកតាឈឺត្រូវសម្រាកនៅមន្ទីរពេទ្យ ពេទ្យហាមមិនឱ្យមានអ្នកកំដរជាប់ ឱ្យបានតែមកមើលមួយភ្លែតៗប៉ុណ្ណោះ តែគ្រាន់តែមកភ្លាមបានឃើញបែបនេះ តើវាគឺជាអ្វី ហេតុអីបណ្តោយឱ្យស្រមោចរោមខាំពេញខ្លួនបែបនេះ ពិតជាពិបាកមើលណាស់»។
យ៉ាងណាមិញ ក្រោយពីឃើញមានការផ្ទុះចែកចាយនៅតាមបណ្តាញសង្គម ក៏មានសារព័ត៌មានមួយចំនួនបានសុំសាកសួរជាមួយកូនស្រីរបស់លោកតាផងដែរ។ ដោយកូនស្រីរបស់លោកតា គឺជាអ្នកខេត្តខនកេន ប្រទេសថៃ ហើយបានឱ្យដឹងថា ឪពុករបស់ខ្លួនបានរអិលដួលកាលពីថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ ហើយក៏បញ្ចូនទៅមន្ទីរពេទ្យមួយកន្លែង ទើបដឹងថាលោកតាមានអាការខ្សោយសាច់ដុំ និងឈាមចុះខ្លាំង ហើយគេក៏បន្តបញ្ចូនទៅមន្ទីរពេទ្យមួយកន្លែងទៀត ដែលគេហាមមិនឱ្យមានអ្នកកំដរជាប់នោះទេ។
ក្រោយមក នៅថ្ងៃដែលមកមើលឪពុក ខ្លួនពិតជាភ្ញាក់ផ្អើលខ្លាំង ព្រោះឃើញស្រមោចជាច្រើនរោមពាសពេញខ្លួនរបស់គាត់។ ខ្លួនបានទៅហៅគ្រូពេទ្យមកមើល តែគេធ្វើហាក់មិនខ្វល់ខ្វាយឡើយ ដោយប្រាប់ឱ្យខ្លួនយកតែម្សៅទៅរោយពីលើប៉ុណ្ណោះ។ លើសពីនេះ សូម្បីតែប្តូរសេរ៉ូមក៏មិនត្រឹមត្រូវទៀត យកម្ជុលចាក់ដៃចុះឡើងសឹងសុះសាច់ បណ្តោយឱ្យឈាមកកខ្មៅពេញខ្សែសេរ៉ូម ហើយមិនបានប្រាប់ឱ្យដឹង ថាលោកតាឈឺអ្វីឱ្យប្រាកដនោះទេ៕